(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន២ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល នោះគឺសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។

ការអនុម័តនេះបានធ្វើឡើង នៅក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ដែលធ្វើឡើង ក្រោមអធិបតីភាពរបស់ លោកកិតិ្តសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៩រូប។

សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ រៀបចំឡើងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា «ថវិកាសមិទ្ធកម្ម» ដែលជាគំរូមួយសមស្របសម្រាប់កម្ពុជា។ ជាពិសេសសេចក្តីព្រាងច្បាប់នេះ គឺជាច្បាប់គោលដែលគ្របដណ្តប់លើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសម្រាប់ទ្រទ្រង់ការកសាងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ដែលជាធាតុផ្សំដ៏សំខាន់នៃគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលដៅធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យឈានទៅរកឧត្តមានុវត្តន៍ជាអន្តរជាតិ និងឆ្លើយតបនឹងលទ្ធភាពនៃការអនុវត្តបានក្នុងបរិការណ៍កម្ពុជាផង។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៩ជំពូក និង ១០៩មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។

ចំណែក សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត រៀបចំឡើងដើម្បីកំណត់អំពីក្របខ័ណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ការផ្តល់សេវា ផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីធានាគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ព្រមទាំងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្ន។ សេចក្តីព្រាងច្បាប់នេះ ផ្តល់សារៈសំខាន់បន្ថែមទៀតក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន លើការជំរុញសក្តានុពលនៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តលើវិស័យទឹកស្អាតដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងធានាប្រសិទ្ធភាពលើការជំរុញល្បឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមលើគ្រប់វិស័យ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១៥ជំពូក និង ៦៥មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦៕