(ភ្នំពេញ)៖ គណៈកម្មការយេនឌ័រ នៃក្រសួងយុត្តិធម៌ បានបង្ហាញនូវជំហរ គាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវតែមានស្តង់ដារតែមួយ នៅក្នុងកិច្ចការពារសិទ្ធិរបស់ស្ត្រីគ្រប់ៗរូប និងគ្រប់លំដាប់ថ្នាក់ និងសូមធ្វើការប្រឆាំងដាច់ខាតចំពោះទង្វើទាំងឡាយណា ដែលបង្ហាញនូវចរិតរើសអើងចំពោះស្ត្រីដូចគ្នា។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្នុងនាមគណៈកម្មការយេនឌ័រ នៃក្រសួងយុត្តិធម៌ កត់សម្គាល់ឃើញថា កន្លងមកមានបុគ្គលមួយដែលក្នុងនោះ រួមទាំងស្ត្រីដែលជាថ្នាក់ដឹកនាំចំនួន បានធ្វើការវាយប្រហារដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិស្ត្រីកំពូលផងដែរ។ ជាក់ស្ដែងថ្មីៗនេះ មានអង្គការមួយចំនួន បានប្រតិកម្មចំពោះការបានប្រើប្រាស់ពាក្យសម្តីធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់ស្ត្រី។

គណៈកម្មការយេនឌ័រនៃក្រសួងយុត្តិធម៌ មិនគាំទ្រនូវរាល់ទង្វើ ឬការប្រើប្រាស់ពាក្យសម្តីទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ស្ត្រីនោះទេ ផ្អែកតាមគោលការណ៍ច្បាប់ស្ត្រីទាំងអស់ រួមទាំងស្ត្រីជាថ្នាក់ដឹកនាំកំពូល ក៏ត្រូវទទួលបាននូវសិទ្ធិ និងកិច្ចការពារស្មើៗ គា្នដោយគ្មានការរើសអើង។

ដោយឡែក ចំពោះប្រតិកម្មរបស់អង្គការមួយចំនួន ដូចបានបញ្ជាក់ជូនខាងលើបានស្តែងចេញនូវចរិតរើសអើងចំពោះស្រ្តីផ្សេងទៀតដែលបាននិងកំពុងទទួលរងនូវការរិះគន់ និងវាយប្រហារពីបុគ្គលផ្សេងៗទៀត ប៉ុន្តែបែរជាមិនបានទទួលនូវការគាំទ្រពីអង្គការទាំងនោះ ក្នុងការទាមទារ និងការពារសិទ្ធិរបស់ស្ត្រីទាំងនោះ នោះទេ៕