(ព្រះសីហនុ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ពិសេសជំហានឆ្ពោះទៅ កម្ពុជាគ្មានជំងឺគ្រុនចាញ់ ការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឆ្នាំ២០២៣។
សន្និបាតនេះបានប្រព្រឹត្ដទៅនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដែលមានការអញ្ជើញ្រឹចូលរួមពីលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត Mohammad Naseem តំណាងអង្គការ UNOPS ប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត Saad Ei Din Hussein Hassan តំណាង USAID ប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយ តំណាងដៃគូសហការ និងដៃគូអនុវត្តជាច្រើនរូបទៀត។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាសុខភាពសាធារណៈ និងបានកំណត់បញ្ចូលទៅក្នុង «ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយថីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ដើម្បីធានាឲ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្ស គ្រប់រូបនិងគ្រប់វ័យ រួមទាំងបញ្ចប់ការរីករាលដាលមេរោគអេដស៍ ជំងឺរបេង គ្រុនចាញ់ ជំងឺតំបន់ត្រូពិក ដែលមិនត្រូវបានយកចិត្តទុកដាក់ គ្រុនឈាម គ្រុនឈឺក ដង្កូវព្រូន ជំងឺថ្លើម ជំងឺឆ្លងតាមទឹក និងជំងឺឆ្លងផ្សេងទៀត ត្រឹមឆ្នាំ២០៣០។
លើសពីនេះ សម្តេចតេជោ បានប្ដេជ្ញាចិត្តខ្ពស់ចូលរួមលើកកម្ពស់សុខភាពសារធារណៈ ទាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មហាអនុតំបន់ទន្លេមេគង្គ និងសកលលោក តាមរយៈការផ្តួចផ្តើម និងអនុម័ត ដាក់គោលដៅសម្រេចផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ នៅកម្ពុជា។ដើម្បីឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ូម (ឬទម្រង់សន្ធំ) និងធានាមិនឲ្យមានករណីស្លាប់ដោយជំងឺគ្រុនចាញ់ និង ដំណាក់កាលវែងត្រឹមឆ្នាំ២០២៥ លុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងលើគ្រប់ទម្រង់នៃមេរោគគ្រុនចាញ់។
លោករដ្ឋមន្ដ្រីសុខាភិបាល បានគូសបញ្ជាក់ថា «ចាប់ពីឆ្នាំ២០១៨ មិនមានករណីស្លាប់ដោយជំងឺគ្រុនចាញ់នោះទេ ។បើគិតត្រឹមរយៈពេលជិត២ខែ ដើមឆ្នាំ២០២៣មកនេះ ជំងឺគ្រុនចាញ់មានតែ៨ករណីប៉ុណ្ណោះ។ យើងនឹងខិតខំពង្រឹងការងារតាមដានបន្ដទៅទៀត ជាពិសេសគឺយើងលើកទឹកចិត្ដដល់អ្នកស្ម័គ្រចិត្ដប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសភូមិ-ឃុំ តាមដានចំនួនអ្នកណាខ្លះត្រូវចូលព្រៃ យើងត្រូវចែកមុងជ្រលក់ថ្នាំ ថ្នាំលាប ថ្នាំព្យាបាល ស្បែកជើង ហើយពេលត្រលប់មកវិញត្រូវធ្វើតេស្ដគ្រុនចាញ់ ដូច្នេះយើងអាចត្រួតពិនិត្យតាមដានបាន»។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានសង្គត់ធ្ងន់ថា «យើងជឿជាក់ថា នឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ូម (ឬទម្រង់សន្ធំ)នៅឆ្នាំ២០២៣ និងលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងលើគ្រប់ទម្រង់នៃមេរោគគ្រុនចាញ់ ឆ្នាំ២០២៥»។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច) បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣នេះថា ជាលទ្ធផល ដំណាក់កាលខ្លីឆ្នាំ២០១៥ ត្រូវបានសម្រេចបានជោគជ័យ១០០% តាមផែនការ ព្រោះថាប្រភេទថ្នាំASMQ ដែលបានប្រើពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្នកំពុងមានប្រសិទ្ធិភាព១០០% រួមទាំងថ្នាំ Pyramax ជាជម្រើសទី២ សម្រាប់ព្យាបាល និងសម្រាប់លេបបង្ការការចម្លង។ ដំណាក់កាលមធ្យមឆ្នាំ២០២០ គឺគ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់ ត្រូវបានសម្រេចជោគជ័យ១០០% នៅឆ្នាំ២០១៨ មុនផែនការ២ឆ្នាំ។
ដោយឡែក ដំណាក់កាលវែងឆ្នាំ២០២៥ កម្មវិធីជាតិកំពុងបានដំណើរការយ៉ាងយកចិត្តទុកដាក់បំផុតជាមួយគ្រប់ដៃគូ ក្រោមការតាមដានយកចិត្តទុកដាក់ខ្ពស់ និងចង្អុលបង្ហាញជាប្រចាំពីលោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ជំរុញលើទឹកចិត្តរាល់ការប្រតិបត្តិសកម្មភាពការងារឲ្យទទួលបានប្រសិទ្ធពល ទាំងបរិមាណ និងគុណភាព តាមពេលវេលា នៃផែនការអភិក្រមសកម្មភាពការងារឆ្នាំ២០១៦-២០២០ និងឆ្នាំ២០២១-២០២៥ ពិសេស ការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ ទំរង់សន្ធំ ឬប្រភេទហ្វាល់ស៊ីប៉ារ៉ូមចម្លងក្នុងតំបន់ នៅឆ្នាំ២០២៣នេះ មុននឹងឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០២៥ គ្មានគ្រុនចាញ់គ្រប់ទំរង់។
ឆ្នាំ២០២២កន្លងមកនេះ ករណីជំងឺគ្រុនចាញ់មានចំនួនសរុប ៤,០៥៣ករណី និងគ្មានស្លាប់ បានន័យថាចំនួនករណីបានបន្តថយចុះ ៦%ទៀត បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលមាន ៤,២៧៦ករណី។ ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម (ឬទំរង់សន្ធំ) និងចំរុះ មានចំនួន ៤១៤ករណី (ឬស្មើនឹង ១០% នៃចំនួនករណីគ្រុនចាញ់សរុប) គឺបានកើនឡើងចំនួន ២០% ច្រើនជាងឆ្នាំ២០២១ មាន ៣៤៤ករណី។ ចំពោះជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ (ឬ ទំរង់លាប់) មានចំនួន ៣,៥៨១ករណី (ឬស្មើនឹង ៩០% នៃចំនួនករណីគ្រុនចាញ់សរុប) បានបន្តថយចុះចំនួន ១០% បើប្រៀបធៀបនឹងឆ្នាំ២០២១ មាន ៣,៩៧៤ករណី។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បញ្ជាក់បន្ថែមថា សមិទ្ធិផលឆ្នាំ២០២២ សូចនាករអត្រាអាំងស៊ីដង់ជំងឺគ្រុនចាញ់គ្រប់ប្រភេទនៅសល់០,២៤ គឺសម្រេចបានជោគជ័យ១៣១% នៃគោលដៅគ្រោង០,៣៥ បានន័យថា ៩១,៤% នៃស្រុកប្រតិបត្តិសរុបកំពុងមានអត្រាអាំងស៊ីដង់ជំងឺទាបជាង១,០។ សូចនាករអត្រាអាំងស៊ីដង់ជំងឺគ្រុនចាញ់ប្រភេទសន្ធំនៅសល់ ០,០២ គឺសម្រេចបានជោគជ័យ១៥០% នៃគោលដៅគ្រោង០,០៤ តែជាមោទនភាពនោះគឺ សូចនាករជំងឺគ្រុនចាញ់ប្រភេទសន្ធំទាបជាង១,០ នៅតាមស្រុកប្រតិបត្តិបានកើនដល់ ៩៨% គឺសម្រេចបាន ជោគជ័យ ១០២% នៃគោលដៅ៩៦% លើកលែងតែ ២ស្រុកប្រតិបត្តិទៀតគឺ សែនមនោរម្យ និងភ្នំក្រវ៉ាញ ដែលត្រូវសម្រេចនៅដំណាច់ឆ្នាំ២០២៣៕