(ស្ទឹងត្រែង)៖ សហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) ដឹកនាំដោយ លោក នួន វិសុទ្ធ សមាជិករបស់ ស.ស.យ.ក រាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ជូនចំពោះកងទ័ពដែលកំពុងឈរជើង ការពារព្រំដែននៅ ក្នុងទិសខេត្តស្ទឹងត្រែង។
ការចុះសំណេះសំណាល និងនាំយកអំណោយចែកជូននេះ រៀបចំឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ដោយក្នុងឱកាសនោះ លោក នួន វិសុទ្ធ បានថ្លែងថា អំណោយថ្ងៃនេះ ថ្វីត្បិតតែវាបន្តិចបន្តួច តែកើតចេញពីស្មារតីចែករំលែក របស់យុវជននៅសមរភូមិក្រោយ ដែលតែងតែគិតគូរពីការរស់នៅ និងជីវភាពរបស់ពូៗ បងប្អូន ជាវីរៈកងទ័ពដែលកំពុង ឈរជើងការពារព្រំដែន។
លោក នួន វិសុទ្ធ បានបន្តថា «យើងខ្ញុំជាយុវជនកម្ពុជា សូមវាយតម្លៃខ្ពស់ និងសូមសំដែងការ ដឹងគុណចំពោះវីរៈកងទ័ពកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព ជូនប្រជាជាតិទាំងមូល ដោយមិនគិតពីអាយុជីវិតរបស់ខ្លួន។ ទាំងនេះ វាបានបង្កលក្ខណៈឲ្យប្រជាជាតិ ទាំងមូលមានការអភិវឌ្ឍន៍ រីកចម្រើន ហើយអាចឲ្យយុវជនយើងរស់នៅ ក្នុងភាពសម្បូរសប្បាយ។ ស្នាមញញឹមរបស់ប្រជាជនកម្ពុជា សុទ្ធតែកើតពីចំណែកញើសឈាម របស់កងទ័ពយើង»។
លោកបានបន្តថា «ចំពោះបេសកកម្មរបស់កងទ័ពយើងនៅទីនេះ ជាកិច្ចការដ៏សំខាន់ក្នុងខឿនការពារជាតិ ព្រមជាមួយនឹងការផ្តល់ឱកាស ក្នុងការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែន។ តំបន់ព្រំដែនមានសេដ្ឋកិច្ចលូតលាស់ ជីវភាពប្រជាជនកាន់តែប្រសើរ វានឹងជំរុញកិច្ចការការពារព្រំដែនកាន់តែរឹងមាំ។ ជាចុងក្រោយ ជាការតបស្នងគុណូបការៈរបស់កងទ័ពកម្ពុជា យើងជាយុវជនជំនាន់ក្រោយ នឹងប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែក ថែរក្សាសន្តិភាព ខិតខំពង្រឹងខឿនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន ដែលជាយន្តការក្នុងការពង្រឹង តួនាទីក្នុងឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ យើងខ្ញុំនឹងបន្តផ្សារភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយឲ្យកាន់តែល្អប្រសើរ ដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពយើង»៕