(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះសារលើបណ្តាញសង្គមថា ក្នុងក្របខ័ណ្ឌនៃការជួសជុលយ៉ាងយកចិត្តទុកដាក់មួយ ក្រុមការងាររោងជាង និងអភិរក្សថ្មនៃសារមន្ទីរជាតិកម្ពុជា និងសាលាបារាំងចុងបូព៌ា (EFEO) ទើបនឹងបានផ្គុំព្រះបរមរូបព្រះបាទជ័យវម៌្មទី៧ ជាមួយបំណែកព្រះហស្តរបស់ព្រះអង្គក្នុងឥរិយាបថលើកដៃប្រណម្យ។

ស្ថានទូតបារាំងប្រចាំកម្ពុជា បានឲ្យដឹងទៀតថា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ព្រះហស្តស្តាំជាមួយប្រអប់ដៃសំពះនេះត្រូវបានកត់សម្គាល់ដោយលោក អូន វ៉ន និងលោក មីសែល ត្រាណេ នៅប្រាសាទព្រៃ (ភាគឦសាននៃប្រាសាទព្រះខ័ន)។ ថ្មីៗនេះ ព្រះហស្តនេះត្រូវបានយកចិត្តទុកដាក់សារជាថ្មីដោយលោក Eric Bourdonneau នៅអភិរក្សដ្ឋានអង្គរ។

បំណែកសំខាន់ៗនៃតួខ្លួនបែកបាត់ត្រូវបានរកឃើញដោយលោក Henri Marchal នៅភាគឦសាននៃអង្គរធំក្នុងឆ្នាំ១៩២៤។ ប្រាំពីរឆ្នាំក្រោយមក លោក Henri Marchal បានរកឃើញព្រះសិរនៅខាងកើតអង្គរធំ ដែលអនុញ្ញាតឲ្យអ្នកស្រាវជ្រាវកំណត់អត្តសញ្ញាណរបស់ព្រះបរមរូប។

ព្រះបដិមាត្រូវបានយកមកតម្កល់ទុកនៅសារមន្ទីរជាតិនៅឆ្នាំ១៩៣៤ ហើយទទួលបានការជួសជុលសំខាន់ឡើងវិញដោយសារមន្ទីរជាតិ និង EFEO នៅឆ្នាំ១៩៩៩។

សូមជម្រាបថា លទ្ធផលនៃការតភ្ជាប់ដោយប្រើបច្ចេកទេស បានបង្ហាញយ៉ាងច្បាស់ថា ព្រះហស្តទាំងពីរ ដែលខាងស្តាំរកឃើញក្នុងឆ្នាំ១៩៩០ និងខាងឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ គឺជារបស់ព្រះបាទជ័យវម៌្មទី៧។ នេះបើតាមនាយកដ្ឋានសារមន្ទីរ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថាបំណែកដៃទាំងពីរពិតជារបស់ព្រះបាទជ័យវម៌្មទី៧ ពិតប្រាកដមែន ព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អស្ទើរ១០០%។

បន្ទាប់ពីមានការផ្សព្វផ្សាយលទ្ធផលនៃការសាកល្បងតភ្ជាប់ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំសារមន្ទីរជាតិ បានសម្រេចស្នើសុំយកបំណែកព្រះហស្ដទាំងពីរនេះ មករក្សាទុកនៅសារមន្ទីរក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹងរូបរបស់ព្រះអង្គផ្ទាល់។

លុះដល់ខែមករា ឆ្នាំ២០២៣ ក្រុមការងាររោងជាងនិងអភិរក្សថ្ម បានសាកល្បងយកព្រះហស្ដទាំងពីរនេះមកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេសក្នុងការតភ្ជាប់ព្រះហស្ដទាំងពីរនាពេលអនាគត។

គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ប្រយោជន៍លើកតម្កើងកិត្យានុភាព និងរំឭកគុណូបការពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ការពារកម្ពុជទេសនៃយើង៕