(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្ដែងនូវការពេញចិត្ដ ចំពោះការប្រកួតកីឡាបាល់ទះមិត្តភាព ក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិ អាយុក្រោម១៩ឆ្នាំ បារាំង កាលពីម្សិលមិញ និងបានកោតសរសើរ ដល់សមត្ថភាពកីឡាករកម្ពុជា។

ការសម្ដែងនូវការពេញចិត្ដនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធាន មនុស្ស សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទោះបីជាការប្រកួតនេះ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានចាញ់ក្រុមជម្រើសជាតិបាល់ទះ អាយុក្រោម១៩ឆ្នាំបារាំង ទាំង៣សិតក៏ដោយ ប៉ុន្ដែពិន្ទុមានការប្រកៀកប្រកិតគ្នា ហើយកម្ពុជាលេងបានកម្រិតនេះ គឺទទួលយកបាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញ មានការប្រកួតដ៏ល្អមួយ នៃក្រុមកីឡាបាល់ទះកម្ពុជា និងអាយុក្រោម១៩ឆ្នាំ បារាំង ប្រកួតមិត្តភាព បើទោះបីជាកម្ពុជាចាញ់ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ជាអ្នកលេងបាល់ទះតាំងពីតូច កម្រិតនេះគឺទទួលយក»

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ឥឡូវនេះ កូនខ្មែរអត់មានទាបជាងបារាំងនោះទេ នៅពេលដែលឈរក្បែរបារាំង ហើយចំពោះការប្រកួតនេះ សម្ដេចយល់ឃើញថា កម្ពុជានៅចាញ់ល្បិចគេបន្ដិច ដោយយើងប្រើកម្លាំងបាយច្រើនជាង តែប្រើកម្លាំងបាយច្រើនជាង គឺពិបាកហើយ ព្រោះគេក៏ដាក់បារ៉ាស់ដែរ ក្នុងពេលដែលយើងវ៉ៃចេញ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ក្នុងការប្រកួតនេះចំពោះពិន្ទុ គឺមានការប្រកៀតប្រកិតគ្នា ដោយក្នុងសិតនីមួយៗ ពិន្ទុកម្ពុជា មិនក្រោម២០ពិន្ទុនោះទេ នៅក្នុងការប្រកួត៣សិតនោះ។ សម្ដេចតេជោ ក៏បានប្រាប់ដល់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ត្រូវខិតខំប្រឹងប្រែងហ្វឺតហាត់បន្ដទៀត។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរ ចំពោះចៅសម្ដេច កំពុងតែលេងបាល់ទះនៅប្រទេសឡាវ តំណាងឲ្យសាលា ដែលខណៈពេលមុន មានចៅ២នាក់ បានទៅលេងបាល់ទះ នៅប្រទេសវៀតណាម។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងចំណោមចៅប្រុសទាំង១២នាក់របស់សម្ដេច គឺសម្ដេចចង់បង្កើតក្រុមបាល់ទះ នឹងចាំដល់ពេលណាមួយ នៅពេលដែលចៅជុំគ្នា សម្ដេចនឹងរើសរកក្រុមណាមួយ ប្រកួតជាមួយចៅសម្ដេច ដោយសម្ដេចជាអ្នកដឹកនាំធ្វើជាគ្រូបង្វឹក ដែលជាក្រុមបាល់ទះ «ត្រកូលហ៊ុន»

សូមជម្រាបថា ការប្រកួតកីឡាបាល់ទះមិត្តភាព ក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយ U19 បារាំង នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានរៀបចំធ្វើឡើង នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ កាលពីម្សិលមិញ ដែលបានបិទបញ្ចប់ជាមួយលទ្ធផល កម្ពុជាចាញ់ទាំងបីសិត។

ការចាញ់ទាំងបីសិត របស់ក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិបារាំង នាពេលនេះ គឺក្រុមកីឡាករបាល់ទះកម្ពុជា ពិតជាទទួលបាននូវបទពិសោធន៍ថ្មី បន្ថែមទៀត សម្រាប់ត្រៀមក្នុងការប្រកួតផ្លូវការនាពេលខាងមុខ។

ការប្រកួតនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានអ្នកចូលរួមគាំទ្រប្រមាណជាង៥ពាន់នាក់ នៅសាលបាល់ទះ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕