(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចោទជាសំណួរទៅកាន់អង្គការសង្គមស៉ីវិលថា «ហេតុអ្វីអ្នកឯងការពារតែនារីខាងប្រឆាំង ឯនារីខាងរាជរដ្ឋាភិបាល អ្នកឯងមិនការពារ?»

សំណួររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីអង្គការក្រៅរាជរដ្ឋាភិបាលជាង ៤០នៅកម្ពុជា ទាមទារឲ្យថ្កោលទោស លោក ផែង វណ្ណៈ ដោយសារនិយាយអាក្រក់ពីស្រ្តីម្នាក់ ដែលអានព័ត៌មានរបស់អតីតវិទ្យុវីអូឌី។ ផ្ទុយទៅវិញ លោក សម រង្ស៉ី ជាអ្នកនយោបាយក្រៅច្បាប់ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបំភ្លៃព័ត៌មានលើ លោកស្រី ហ៊ុន សុថា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងន័យជាការប្រមាថ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលទាំងនោះ មិនចេញមកទាមទារឲ្យថ្កោលទោស លោក សម រង្ស៉ី ឡើយ។

ថ្លែងពេលអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូម្បីតែខ្ញុំកំពុងកើតទុក្ខ ប្អូនស្រីថ្លៃរបស់ខ្ញុំ (ស្លាប់) ត្រូវប្រមាថមើលងាយ ប្រមាថមើលងាយដល់ប្រពន្ធខ្ញុំ ប្រមាថមើលងាយដល់ក្រុមគ្រួសាររបស់ខ្ញុំ ក្នុងពេលដែលខ្ញុំកើតទុក្ខ។ នៅពេលដែល ផែង វណ្ណៈ និយាយប៉ះត្រឹមតែបន្តិច (លើស្ត្រីអ្នកអានព័ត៌មានរបស់អតីតវិទ្យុវីអូឌី) ៤០អង្គការចេញមក [...]»

សម្តេចតេជោ​ បានបន្តថា «ខ្ញុំបានបង្ហោះសារសួរទៅអង្គការក្រៅរដ្ឋាភិបាល ៤០ហ្នឹងថាដឹងទេ? ស្ត្រីដូចគ្នាទេ មានដឹងទេ? អញ្ចឹងច្បាស់ណាស់ថា អង្គការក្រៅរដ្ឋាភិបាល ដែលបង្កើតឡើងទាំងនេះ គឺដើម្បីប្រឆាំងរដ្ឋាភិបាលតែប៉ុណ្ណឹង មិនបានធ្វើសកម្មភាពណាមួយ ដើម្បីការពារស្ត្រីដូចគ្នាទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា សម្តេចកំពុងរង់ចាំមើលក្រសួងកិច្ចការនារី និងអង្គការសង្គមស៉ីវិល ឆ្លើយតបចំពោះការប្រមាថចំពោះប្អូនស្រីថ្លៃ និងភរិយារបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការពិនិត្យលើប្រភពថវិការបស់អង្គការសង្គមស៉ីវិលនៅកម្ពុជាផងដែរ។

សូមជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ គ្រាដែល ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដែលជាម្តាយបង្កើតរបស់ លោកស្រី ជូឡុង សូមួរ៉ា និងត្រូវជាម្តាយក្មេករបស់ លោក សម រង្ស៉ី ទទួលមរណភាពនោះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតបង្ហាញពីការតក់ស្លត់សោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។ ប៉ុន្តែ ពេលលោកស្រី ហ៊ុន សុថា បានស្លាប់ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាប់តែត្រូវបានលោក សម រង្ស៉ី ចេញមកមួលបង្កាច់បង្ខូចកិត្តិយស ដែលនាំឱ្យមានមតិរិះគន់យ៉ាងខ្លាំងក្លា និងហៅលោកថា ជាអ្នកនយោបាយគ្មានសីលធម៌៕