(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្ដីពី «ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ» សម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មី ចំនួន ៣៦៨ រូប ដើម្បីចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគ្រូឧទ្ទេស និង សិក្ខាកាម ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាល តែងផ្តល់អាទិភាពខ្ពស់ លើការអភិវឌ្ឍធនធានមនុស្ស ដូចមានក្នុង យុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាលកន្លងមក, ហើយនៅពេលខាងមុខ រាជរដ្ឋាភិបាល ក៏នឹងបន្តផ្តល់អាទិភាពកាន់តែខ្ពស់ថែមទៀត លើការអភិវឌ្ឍធនធានមនុស្ស សម្រាប់គាំទ្រ និង ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង លើកកម្ពស់ជីវភាពប្រជាជន ។
បណ្ឌិតសភាចារ្យ បានគូសរំលេចថា ដើម្បីសម្រេចបានចក្ខុវិស័យ ក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០, កម្ពុជាចាំបាច់ត្រូវកសាង ឲ្យបាននូវមូលធនមនុស្ស ដែលមានគុណវុឌ្ឍិ, ចំណេះដឹង, ជំនាញ, បំណិនការងារ និង គំនិតនវានុវត្តន៍ ព្រមទាំងត្រូវមានមនសិការជាតិ, ស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយថាមពល និង ជវភាព។
បណ្ឌិតសភាចារ្យ បានបន្ថែមថា ជាសេនាធិការរបស់រាជរដ្ឋាភិបាល,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងផ្តល់អាទិភាពខ្ពស់ លើការងារកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ លើការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ជាក់ស្តែង ដូចបានរំលេចក្នុងឯកសារ «ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០», ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានកំណត់យក «ការពង្រឹងសមត្ថភាព និង វិជ្ជាជីវៈ» ជាគោលដៅទី ១ ក្នុងគោលបំណងដំបូងគេរបស់ក្រសួង។
លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ស្ថិតក្នុងដំណាក់កាលទី ៤ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលដៅបង្កើនគណនេយ្យភាពសមិទ្ធកម្ម, ការកសាង និង ការអភិវឌ្ឍសមត្ថភាព គឺកាន់តែមានសារៈសំខាន់ថែមទៀត ដោយហេតុថា ការកែទម្រង់នេះ បានឈានដល់ចំណុចរបត់ដែលកាន់តែស្មុគស្មាញ, សិទ្ធិអំណាច និង ការទទួលខុសត្រូវកាន់តែច្រើនឡើង លើការគ្រប់គ្រងថវិកា និង កិច្ចការហិរញ្ញវត្ថុ ត្រូវបានប្រគល់ដល់ក្រសួង-ស្ថាប័ន និង មន្ទីរអង្គភាពក្រោមឱវាទ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ការណ៍នេះ ទាមទារចាំបាច់ឱ្យមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានសមត្ថភាព, មានជំនាញវិជ្ជាជីវៈសមស្របក្នុងទម្រង់ដូចគ្នានឹងរដ្ឋបាលថ្នាក់ជាតិ។
បណ្ឌិតសភាចារ្យ បានគូសរំលេចផងដែរថា ការដាក់ឲ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានពង្រីកវិសាលភាព ទៅដល់គ្រប់ក្រសួង-ស្ថាប័ន និង មន្ទីរអង្គភាពនៅរាជធានីខេត្ត ដើម្បីធានាតម្លាភាព ប្រសិទ្ធភាព និង ទាន់ពេល នៃព័ត៌មាន និង ទិន្នន័យហិរញ្ញវត្ថុ សម្រាប់ការវិភាគ, ការព្យាករ និង ការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ។
ប្រការនេះ ឆ្លុះឲ្យឃើញថា វគ្គបណ្តុះបណ្តាលជាស៊េរីនៅពេលនេះ ពិតជាមានសារៈសំខាន់ សម្រាប់បង្កើនសមត្ថភាព, តម្រង់ទិសជំនាញវិជ្ជាជីវៈ និង បំពាក់ស្មារតីការងារ ដល់មន្ដ្រីរាជការក្របខណ្ឌថ្មី លើមុខជំនាញពាក់ព័ន្ធ សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាការចូលរួមចំណែក ក្នុងការលើកកម្ពស់សមត្ថភាព ចំណេះដឹង និង ការបង្កើនការយល់ដឹង ជាមូលដ្ឋានជូនមន្រ្តីរាជការ សម្រាប់ការអនុវត្តការងារ តួនាទីភារកិច្ចប្រចាំថ្ងៃជូនអង្គភាព និង ដើម្បីជាស្ពានបន្ត សម្រាប់ការអភិវឌ្ឍសមត្ថភាពជំនាញរបស់សិក្ខាកាម ឲ្យកាន់តែប្រសើរថែមទៀត នាពេលអនាគត៕