(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថាធ្ងន់ៗថា សម្តេចបានផ្តាំកូន ចៅ កុំឱ្យអត់ឱនឱ្យមេនយោបាយជ្រុលនិយមឱ្យសោះ ប៉ុន្តែ ប្រសិនបើអ្នកដទៃដឹងខ្លួនខុស និងព្រមផ្តាច់ខ្លួនចេញពី មេនយោបាយជ្រុលនិយមរូបនោះ នឹងលើកលែងទោសឱ្យ។
ការបញ្ជាក់ធ្ងន់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ចំពោះក្រុមប្រឆាំងជ្រុលនិយមរត់ចោលស្រុកបានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី ដែលជាមេឧទ្ទាមខុសច្បាប់ បានជេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរចំពោះក្រុមគ្រួសាររបស់សម្តេច និងបានបន្តប្រមាថមើលងាយដល់សពប្អូនស្រីថ្លៃ ត្រូវជាប្អូនបង្កើតស្រីរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាឧត្តមភរិយារបស់សម្តេចគ្រប់បែបយ៉ាង ដែលការប្រមាថនេះគឺធ្ងន់ និងមិនអាចទទួលយកបានជាដាច់។
ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពួកអ្នកឯងបានបំពានលើខ្ញុំម្តងហើយ ម្តងទៀតរហូតទៅដល់មិនទុកឱកាសសូម្បីតែពេលកំពុងកាន់ទុក្ខប្អូនស្រី ក្រុមពួកអ្នកឯងចេញមកវ៉ៃប្រហារ ទាំងមេរបស់អ្នកឯង តើឱ្យខ្ញុំអត់ឱនបានទេ ខ្ញុំផ្តាំកូន ផ្តាំចៅ របស់ខ្ញុំកុំយោគយល់ អត់ឱនអាក្រុមនេះ […] ខៀវ សំផន នួន ជាមេដឹកនាំខ្មែរក្រហមដទៃទៀតមក ហូបបាយជាមួយខ្ញុំដល់ផ្ទះ តែអាក្រុមហ្នឹងគឺអត់ គឺមានតែម្នាក់ទេ (ទណ្ឌិត សម រង្ស៉ី) ឯអ្នកដទៃខ្ញុំបើកចំហឱ្យអ្នកដទៃផ្តាច់ខ្លួនចេញ ខ្ញុំលើកលែងទោសឱ្យ»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកចំហរនឹងលើកលែងទោសឱ្យក្រុមប្រឆាំងរូបណាដែលបានដឹងខ្លួនខុស ហើយបានផ្តាច់ខ្លួនចេញពីទណ្ឌិត សម រង្ស៉ី នោះសម្តេចនឹងស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសឱ្យ ដូច្នេះ លក្ខខណ្ឌត្រូវតែផ្តាច់ខ្លួនពីមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៉ី ដែលបានអនុវត្តនយោបាយជ្រុលនិយម។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហើបថា បើទទោះជាសម្តេចនឹងស្នើឱ្យមានការលើកលែងទោសឱ្យក្រុមអ្នកនយោបាយជ្រុលនិយម ដែលបានផុងខ្លួនដើរតាមមេកើយក្បត់ជាតិ ក៏ក្រុមទាំងនោះមួយចំនួនមិនចង់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដែរ ព្រោះថាជនទាំងនោះបានទៅមានស្រីស្នេហ៍នៅក្រៅស្រុក ដូច្នេះ ហើយច្បាស់ណាស់ពួកគេមិនចង់មកកម្ពុជាវិញ ជួបជុំក្រុមគ្រួសារនោះទេ។
«ខ្ញុំត្រៀម បើផ្តាច់ខ្លួនពីមនុស្សចង្រៃនេះ (ទណ្ឌិត សម រង្ស៉ី) ខ្ញុំនឹងលើកលែងទោសឱ្យ»។ នេះជាការអះអាងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់ទៅបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេសដែលធ្លាប់ជេររាជរដ្ឋាភិបាល សូមកុំភាន់ច្រឡំ កុំភ័យខ្លាចមានទោសទណ្ឌឱ្យសោះ គឺរាជរដ្ឋាភិបាលមិនយកទោសពៃនោះទេ និងសូមអញ្ជើញមកលេងប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ មានបងប្អូនរស់នៅក្រៅប្រទេសកាន់តែច្រើនឡើងបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបាននាំគ្នាមកលេងមាតុភូមិកំណើតកាន់តែច្រើនឡើងផងដែរ។
បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ៗថា៖ «ចាប់ពីថ្ងៃនេះទៅគ្មានការអត់ឱនណាមួយឱ្យពួកក្រុមដែលលាភពណ៌គេ មួលបង្កាច់គេ គឺអត់ទេ ខ្ញុំសូមបញ្ជាក់»៕