(កំពង់ចាម)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារជនបង្គោលយុវជនស្រុកបាធាយ ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពមួយចំនួនដើម្បីត្រៀមចូលរួមប្រកួតប្រជែង និងយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាធាយ ដោយមានការអញ្ជើញចូលរួមពី លោក ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារជនបង្គោលយុវជនស្រុកបាធាយ។

ក្នុងឱកាសនោះ លោក ហេង សួរ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ដល់គណបក្សឃុំ និងប្រធានយុវជនឃុំរបស់ស្រុកបាធាយផងដែរ។ ជាមួយគ្នានោះ លោក ហេង សួរ បានកោតសរសើរដល់គណបក្សឃុំ និងក្រុមការងារយុវជនស្រុកបាធាយ ដែលកន្លងមកបានខិតខំអនុវត្តន៍ការងារ តាមគោលមាគ៌ានយោបាយរបស់គណបក្ស ក៏ដូចជាសកម្មចូលរួមការងារនៅក្នុងស្រុកបានល្អប្រសើរ។ 

លោកប្រធានក្រុមការងារជនបង្គោលយុវជនស្រុកបាធាយ បានក្រើនរំឭកដល់គណបក្សឃុំ ក៏ដូចជាក្រុមការងារយុវជន ត្រូវបន្តពង្រឹងនូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្ស ការបញ្ចូលសមាជិកបក្សថ្មី និងការបណ្តុះបណ្តាលសមាជិកបក្ស ដើម្បីឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាពស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹកឆ្នោត១សន្លឹក ឱ្យគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត ដើម្បីដឹកនាំប្រទេសឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត៕