(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ មន្ត្រីចំរុះសាលាខេត្តព្រះសីហនុ មួយក្រុមរួមទាំងអាជ្ញាធរមូលដ្ឋាន បាននាំគ្នាចុះទៅផ្អាកការ សាងសង់សំណង់មួយកន្លែង ស្ថិតនៅតំបន់ពយម៉ាចូវ ក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមបណ្តឹងរបស់លោកស្រី ម៉ែន សំអូន ស្នាក់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានអះអាងប្រាប់ថា សំណង់នេះសង់នៅលើដីរបស់ខ្លួន។
សេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះសីហនុ បានបញ្ជាក់ថា ខណៈពេលចុះទៅហាមឃាត់ ការសាងសង់សំណង់នេះ ភាគីម្ចាស់សំណង់ក៏បានអះអាងប្រាប់ និងបានបង្ហាញឯកសារពាក់ព័ន្ធថា ខ្លួនគឺជាម្ចាស់ស្របច្បាប់ ក្នុងការគ្រប់់គ្រងដីនេះ ដោយមិនពាក់ព័ន្ធជាមួយ លោកស្រី ម៉ែន សំអូន នោះឡើយ។ ក៏ប៉ុន្តែដើម្បី កុំឲ្យមានបញ្ហា ម្ចាស់សំណង់ខាងលើនេះ សុខចិត្តផ្អាកការសាងសង់ សំណង់របស់ខ្លួន ហើយរង់ចាំការប្រជុំ សម្រេចនៅពេលខាងមុខ នៅឯសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក អភិបាលខេត្តព្រះសីហនុ៕