(ព្រះសីហនុ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានចុះប្រតិបត្តិការល្បាត ការពារសន្តិសុខជូនប្រជាពលរដ្ឋ ក៏បានទទួលដំណឹងថា មានក្រុមចោរ៤នាក់ បានលួចកាច់សោ-កម៉ូតូ នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ពេលនោះ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ និងកម្លាំងអធិកាដ្ឋានស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវ និងស្ទាក់ចាប់ ជនសង្ស័យបានចំនួន៣នាក់ ស្ថិតនៅផ្លូវជាតិលេខ៣ ស្ថិតក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ។
ការបង្ក្រាបក្រុមខណៈជនទាំងនេះកំពុងជិះម៉ូតូគេចពីកម្លាំងនគរបាល បន្ទាប់ពីបានលួចកាច់សោ-កម៉ូតូ នៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្រ្តីនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ទី១.មុំ សុខ ហៅយួន អាយុ២១ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ជាជនដៃដល់, ទី២.ម៉ោង វិឆ័យ អាយុ១៩ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ជាជនដៃដល់ដែរ និងទី៣.មុំ ញាញ់ អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃសាលាកម្មករ ជាអ្នកសមគំនិត។
សមត្ថកិច្ចបានបន្តថា ក្នុងពេលកំពុងធ្វើការឃាត់ខ្លួនជនទាំង៣នាក់ខាងលើ បក្សពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ហើយបច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវរកសាវតា ដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់។
ក្រោយពីបានឃាត់ខ្លួនហើយ សមត្ថកិច្ចបានដកហូតម៉ូតូ AIR BLACK ចំនួន២គ្រឿង ដែលជនសង្ស័យខាងលើ បានលួចនោះ។
បច្ចុប្បន្ន កម្លាំងជំនាញ បានបញ្ជូនជនសង្ស័យទៅឃុំខ្លួនបណ្ដុះអាសន្ន និងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕