(តាកែវ)៖ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានរំលឹកអំពីការវិវត្តិរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នេះ ហើយថារាល់សមិទ្ធផលនានាក្នុងសង្គមជាតិ មកដល់ពេលនេះ គឺបានមកពីការយកជីវិតធ្វើជាដើមទុន មិនថាវិស័យពុទ្ធចក្រ ឬអាណាចក្រ។
លោក ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធសាលាពុទ្ធិកៈ បឋមសិក្សា១ខ្នងកំពស់២ជាន់ ដែលចំណាយថវិកាជាង១៤ម៉ឺនដុល្លារអាមេរិក និងសមិទ្ធផលនានាមួយចំនួនទៀត ក្នុងវត្តប្រាសាទនាងខ្មៅ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលចំណាយថវិកាជាង៦៥ម៉ឺនដុល្លារអាមេរិក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។
លោកនាយឧត្តមសេនីយ៍ បានបន្តថា ក្នុងរយៈពេល៣៧ឆ្នាំ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត ជាច្រើនជូនជាតិមាតុភូមិ និងប្រជាជនបានដឹកនាំប្រទេសឆ្ពោះ ទៅរកត្រើយសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។ រាល់សមិទ្ធផល ដែលមានគ្រប់បែបយ៉ាងក្នុងសង្គមជាតិ និងសង្គមគ្រួសារមកដល់ពេលនេះ គឺបានមកពីការយកជីវិតធ្វើ ជាដើមទុនពីពលីកម្មដ៏ធំធេង របស់កម្មាភិបាលយុទ្ធជន យុទ្ធនារីសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា និងជនរួមជាតិរាប់លាននាក់ ដែលបានរួមគ្នារំដោះប្រទេសជាតិ ចេញពីរបបប្រលយ័ពូជសាសន៍ប៉ុលពត ជាពិសេសសមិទ្ធផលសន្តិភាព គ្របដណ្ដប់ពេញផ្ទៃប្រទេសបានមកពីនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាដើមទុនមួយ ដ៏ធំធេងសំរាប់ការអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ លោក ហ៊ីង ប៊ុនហៀង បាននាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន ប្រជាពលរដ្ឋ គ្រូពេទ្យ ក្រុមយុវជនកាយរិទ្ធិ កាកបាទក្រហមកម្ពុជា យុវជនសហភាពសហពន្ធ័យុវជនកម្ពុជា ឧបត្ថម្ភដល់កម្លាំងប្រដាប់អាវុធ និងបានប្រគេនបច្ចយ័វត្តនាងខ្មៅ៥០០០ដុល្លារអង្ករ៥០០គក្រ និង៣តោនមី២០កេស ត្រីខ៥កេស ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ប៊ីចេង៥គក្រ ផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏បានប្រគេនបច្ច័យសម្រាប់កសាងឧបដ្ឋានធម្មសភា២៥០០ដុល្លារនិង៥០ម៉ឺនរៀល និងស៊ីម៉ង១០តោនព្រមទាំង បានផ្ដល់កុំព្យូទរ័២គ្រឿងដល់ក្រុមប្រឹក្សាឃុំ និង២គ្រឿងទៀតជូនសាលារៀនទៀតផង៕