(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានលើកឡើងថា អ្នករត់ម៉ូតូឌុប គឺជាភ្នាក់ងាសន្តិសុខដ៏សំខាន់ក្នុងការចូលរួមផ្តល់ព័ត៌មាន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គម នៅក្នុងមូលដ្ឋាន។
ការលើកឡើងបែបនេះ របស់លោកអភិបាលស្រុកតាំងគោក បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រកបរបររត់រត់ម៉ូតូឌុប និងម៉ូតូកង់បី ចំនួន៨៩នាក់ នៅក្នុងស្រុកតាំងគោក ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង ជាបណ្តាញសង្គម ដើម្បីឱ្យពួកគាត់ចូលរួម ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តភូមិ-ឃុំ មានសុវត្ថិភាព រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពីការអភិវឌ្ឍនានា នៅក្នុងស្រុកតាំងគោក និងទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនេះដែរ លោក ហាក់ ម៉ុងហួត បាននាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេច តែងតែមានការអាណិត ស្រឡាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាក ខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ជាក់ស្តែងនាពេលកន្លងមក ក្នុងអំឡុងពេលនៃទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ក្នុងគោលបំណងជួយសម្រួលដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងរស់នៅក្នុងភូមិសាស្រ្ត នៃតំបន់ដែលបានអនុវត្តវិធានការបិទខ្ទប់។
លោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ ត្រូវចេះស្រឡាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ធ្វើជាបណ្ដាញដ៏ល្អ ក្នុងការក្ដាប់មុខសញ្ញាចោរកម្ម បទល្មើសគ្រឿងញៀន និងហេតុការណ៍ផ្សេងៗ ដើម្បីចាត់វិធានការណ៍ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមបញ្ជាក់ថា នៅក្នុងឱកាសសំណេះសំណាលនោះ លោកក៏បានឧបត្ថម្ភដល់បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បីទាំង៨៩នាក់ ដោយក្នុងម្នាក់ៗ ទទួលបានរួមមាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី និងទឹកស៊ីអ៉ីវ១យួរ៕