(កំពង់ធំ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា «តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមប្តេជ្ញាចិត្តចំពោះបងប្អូន ប្រជាសហគមន៍ទាំងអស់ ក្នុងការថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះក្នុងតំបន់ព្រៃឡង់ និងតំបន់ព្រៃការពារផ្សេងទៀត»។

ការលើកឡើងរបស់ លោក សាយ សំអាល់ យ៉ាងដូច្នេះធ្វើឡើង ក្នុងឱកាសដែលលោក ជួបសំណេះសំណាលជាមួយតំណាង ប្រជាសហគមន៍ព្រៃឡង់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងភូមិសាស្រ្តឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
 
ជាមួយនឹងការប្តេជ្ញាចិត្តដូចនេះ លោករដ្ឋមន្រ្តី ក៏សូមអំពាវនាវដល់រដ្ឋបាលមូលដ្ឋាន ខេត្ត ស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស រដ្ឋបាលព្រៃឈើ សង្គមស៊ីវិល អង្គការដៃគូពាក់ព័ន្ធ និងបងប្អូនប្រជាសហគមន៍ សូមរួមគ្នាថែរក្សា ការពារព្រៃឈើ និងសត្វព្រៃទាំងអស់គ្នា ព្រោះកិច្ចការងារនេះមិនមែនជាភារកិច្ច របស់រាជរដ្ឋាភិបាលតែមួយនោះទេ ប៉ុន្តែវាជាភារកិច្ចរួម របស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាធ្វើ។

ជាងនេះទៅទៀត​ លោករដ្ឋមន្ត្រី​ បានលើកឡើង​ អំពីវឌ្ឍនភាពការងារធ្វើកំណែទម្រង់ លើវិស័យព្រៃឈើ​ ដោយលោករដ្ឋមន្ត្រី​ ក៏បានបញ្ជាក់អំពីការពិគ្រោះយោល់ លើការច្របាច់បញ្ចូលគ្នា នូវតំបន់ព្រៃការពាររបស់ក្រសួងបរិស្ថាន និងតំបន់ព្រៃការពារ ដែលទើបផ្ទេរពីក្រសួងកសិកម្ម ឱ្យមកស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថានវិញ​ រួមនឹងការពិគ្រោះយោបល់ លើការរៀបចំឱ្យមានលិខិតបទដ្ឋានគតិយុត្តិ ទាក់ទងនឹងការចូលរួម របស់ប្រជាពលរដ្ឋលើការការពារព្រៃឈើ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនបងប្អូន ប្រជាសហគមន៍ផងដែរ អំពីការពង្រឹងការត្រួតពិនិត្យវាយតម្លៃ គម្រោងវិនិយោគអភិវឌ្ឍន៍ សម្បទានដីសេដ្ឋកិច្ច និងការដោះស្រាយផលប៉ះពាល់ ទៅលើប្រជាពលរដ្ឋ ការទប់ស្កាត់បទល្មើសព្រៃឈើ និងការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ការបែងចែកតួនាទីភារកិច្ច ឱ្យដាច់ពីគ្នារវាងស្ថាប័ អភិរក្សនិងស្ថាប័នអភិវឌ្ឍ និងការគ្រោងរៀបចំរបៀងជីវៈចម្រុះ ដើម្បីធានាប្រសិទ្ធភាពការគ្រប់គ្រង ធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព៕