(កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានរបស់ ARDB ជូនដល់ប្រជាពលរដ្ឋតំណាងឱ្យសហគមន៍កសិកម្មចំនួន២ គឺសហគមន៍កសិកម្មនិរន្តរ៍សាមគ្គីភូមិខ្ញុំ និងសហគមន៍កសិកម្មឃុំត្រពាំងឫស្សី សរុបចំនួន៦១នាក់ ដែលមានទីតាំងស្ថិតនៅភូមិ សេរីវង្ស ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតបានពិភាក្សា ជាបងប្អូនក្នុងសហគមន៍ ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងការលំបាកនានាក្នុងរបរដាំដុះបន្លែ របស់បងប្អូនសហគមន៍ទាំងពីរ។
បន្ទាប់មកលោកបណ្ឌិត កៅ ថាច បានជូនយោបល់មួយចំនួន ដូចខាងក្រោមជូនបងប្អូនក្នុងសហគមន៍ ដើម្បីជាគំនិតសម្រាប់ការពិចារណា៖
១៖ បងប្អូនកសិករគួរចងក្រងគ្នាជាបណ្តុំផលិត និងពង្រីកការផលិតបន្លែតាមផ្ទះសំណាញ់ ដែលងាយស្រួលក្នុងការគ្រប់គ្រងការដាំដុះ ហើយគុណភាពបន្លែល្អជាងបើធៀបនឹងការដាំដុះនៅទីវាល ហើយអាចការពារបាននូវសត្វល្អិត និងជំងឺផ្សេងៗ បានល្អប្រសើរ និងបានតម្លៃខ្ពស់នៅពេលផ្គត់ផ្គង់ចូលទីផ្សារ។
២៖ បងប្អូនត្រូវចេះគ្រប់គ្រងថ្លៃដើមក្នុងការដាំដុះ, គ្រប់គ្រងការប្រើប្រាស់ជី ថ្នាំកសិកម្មអោយត្រូវតាមក្បូនបច្ចេកទេស និងឱ្យមានប្រសិទ្ធភាពខ្ពស់។ នៅពេលបងប្អូនចេះគិតគូរ និងដឹងពីថ្លៃដើផលិត ឣាចឱ្យបងប្អូនកំណត់តម្លៃលក់បានត្រឹមត្រូវនៅលើទីផ្សារ។ ការលក់បានថោក ឬថ្លៃ គឺប្រៀបធៀបនឹងថ្លៃដើមផលិតរបស់បងប្អូន គឺមិនមែនប្រៀបធៀបនឹងតម្លៃលក់ក្នុងរដូវកាលខ្វះបន្លែដែលមានថ្លៃខ្ពស់នោះឡើយ។
លើពីនេះទៀត លោកបណ្ឌិត កៅ ថាច ក៏ជម្រាបជូនបងប្អូនថា ARDB ជាធនាគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ធនាគារ ARDB ត្រៀមឥណទានសម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់ការពង្រីកផ្ទះសំណាញ់ និងចងក្រងជាបណ្តុំក្នុងការផលិតបន្លែសុវត្ថិភាព។
លោកបណ្ឌិតរំលឹកបងប្អូន ឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយអញ្ជើញបងប្អូនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីចូលរួមការពារ ថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍជានិរន្តន៍។
សូមបញ្ជាក់ផងដែរថា សហគមន៍កសិកម្មទាំងពីរនេះត្រូវបានចុះបញ្ជីនៅមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ។ ក្នុងនោះមុខរបររបស់បងប្អូនមាន៖ ដាំដុះស្រូវ, ដាំបន្លែតាមទីវាល ដូចជានោង ឳឡឹក ត្រឡាច ត្រសក់ ប៉េងបោះ ជាដើម និងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ដូចជាស្ពៃក្រញាញ់ ស្ពៃតឿ និងរបរបន្ទាប់បន្សំ គឺចិញ្ចឹមមាន់។
ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះ លោកបណ្ឌិត កៅ ថាច ក៏បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រកបអាជីវកម្មមួយចំនួន របស់សហគមន៍កសិកម្មឃុំត្រពាំងឫស្សី ស្ថិតនៅភូមិគោគនួង ឃុំត្រពាំឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សូមបញ្ជាក់ថា សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយមានសមាជិកសហគមន៍ប្រកបរបរផលិតស្រូវពូជផ្ការំដួល មានផ្ទៃដី ៥០ហិកតា, ៤០គ្រួសារ, ផលិតបានស្រូវពូជផ្ការំដួល ១៧០តោន ស្រូវពូជក្នុងមួយឆ្នាំ និងទីផ្សារផ្គត់ផ្គង់ដល់កសិករ នៅក្នុងខេត្តកំពង់ធំ។
លោកបណ្ឌិតប្រតិភូបានជម្រាបអំពីតួនាទីរបស់ធនាគារ ARDB ជាធនាគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជូនដល់ប្រធានសហគមន៍ដើម្បីជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្តដល់សមាជិកសហគមន៍។
បន្ថែមលើនេះ លោកបណ្ឌិត កៅ ថាច បានជម្រាបជូនដល់សហគមផងដែរថា ធនាគារ ARDB ត្រៀមកញ្ចប់ឥណទាន សម្រាប់បងប្អូនដែលមានតម្រូវការឥណទាន សម្រាប់របរផលិតពូជស្រូវ និង/ឬជាទុនបង្វិលសម្រាប់ប្រមូលទិញពូជស្រូវផងដែរ។ ក្នុងករណីសហគមន៍មានចំណាប់អារម្មណ៍ អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន៕