(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធានមនុស្សសរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។
និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចំនួន ៣២នាក់ផងដែរ។
សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជាអាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។
សាកលវិទ្យាល័យធនធានមនុស្ស បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ និងទីផ្សារការងារ។ ជាមួយគ្នានេះដែរ ដើម្បីធានាដល់ការអនុវត្តយន្តការពង្រឹង និងពង្រីកគុណភាពអប់រំបណ្តុះបណ្តាល និងទិសដៅអភិវឌ្ឍរបស់ខ្លួននោះ សាកលវិទ្យាល័យបានធ្វើកំណែទម្រង់ទាំងផ្នែកទន់ និងផ្នែករឹង ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអភិបាលកិច្ច ប្រព័ន្ធគ្រប់គ្រងដំណើរការបណ្តុះបណ្តាលនិងបច្ចេកទេសសិក្សា អភិវឌ្ឍកម្មវិធី សិក្សា ស្របតាមក្របខណ្ឌគុណវឌ្ឍិជាតិ និងពង្រឹងប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង ឱ្យស្របតាម ស្តង់ដាគុណភាពអប់រំដែលបានកំណត់។
លោកសាស្រ្តាចារ្យបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងកំណែទម្រង់ និងអភិវឌ្ឍគុណភាពបណ្តុះបណ្តាល ប្រកបដោយឆន្ទៈស្មារតីទទួលខុសត្រូវ និងឆ្លងកាត់បទពិសោធ ២៤ឆ្នាំកន្លងមក សាកលវិទ្យាល័យបានអភិវឌ្ឍខ្លួនពីអង្គការវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៨ និងសម្រេចបានសមិទ្ធផលយ៉ាងធំធេងជាបន្តបន្ទាប់គួរជាទីមោទនៈ។
លោកសាកលវិទ្យាធិការបន្តថា ក្នុងទិសដៅកំណែទម្រង់ និងអភិវឌ្ឍគុណភាពអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាពសាកលវិទ្យាល័យ បានពង្រឹង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសម្ភារបរិក្ខា ដែលមានស្រាប់ និងបំពេញបន្ថែមថ្មីៗ ក្នុងគោលដៅផ្សារភ្ជាប់ការ សិក្សាទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដោយបានបង្កើតបន្ថែមនូវបន្ទប់អនុវត្តន៍ជាក់ស្តែង រួមមាន ១៖ បន្ទប់អនុវត្តន៍ជំនាញគ្រប់គ្រងនិងទីផ្សារ, ២៖ បន្ទប់អនុវត្តន៍ធនាគារ គណនេយ្យ និងហិរញ្ញវត្ថុ, ៣៖ បន្ទប់សោតទស្សន៍ស្តាប់ភាសា, ៤៖បន្ទប់អនុវត្តន៍ព័ត៌មានវិទ្យានិងនវានុវត្តន៍, ៥៖ អភិវឌ្ឍបណ្ណាល័យ ជាបណ្ណាល័យអេឡិកត្រូនិច។
ក្នុងឆ្នាំ២០២៣នេះ សាកលវិទ្យាល័យ បាននិងកំពុងបំពាក់ធនធានសិក្សា សម្ភាររូបវ័ន្តបន្ថែមទៀត ជាពិសេសបន្ទប់អនុវត្តន៍សណ្ឋាគារ និងសាលសាវនការនិមិត្ត។
បច្ចុប្បន្នសាកលវិទ្យាល័យធនធានមនុស្ស មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យចំនួន ៣៩៨នាក់ នារី ១១៩នាក់, សិស្សថ្នាក់វិជ្ជាជីវៈ និង និស្សិតកំពុងសិក្សា ចំនួន ៣,១០១នាក់ នារី ១.៦៣៥នាក់។
ចំពោះលទ្ធផលនៃការបណ្ដុះបណ្ដាល គិតចាប់ពីឆ្នាំសិក្សា១៩៩៨-១៩៩៩ មកដល់ឆ្នាំសិក្សា២០២០-២០២១ កន្លងមកនេះ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិត ដែលបានបញ្ចប់ការសិក្សា សរុបចំនួន ៤១,៣៤១នាក់ (នារី ១៤,៣៦៩នាក់) ក្នុងនោះគិតទាំងសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភី ដែលត្រូវទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនាឱកាសនេះផងដែរ។
លោកសាស្រ្តាចារ្យបណ្ឌិត ឯក មនោសែន បានគូសបញ្ជាក់ថា សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីនេះ អ្នកមានការងារធ្វើស្មើនឹង ៩២.០៩% ក្នុងនោះ ថ្នាក់វិជ្ជាជីវៈស្មើ ៩២.៣៥%, ថ្នាក់បរិញ្ញាបត្ររង ស្មើ ៩០.៤២%, ថ្នាក់បរិញ្ញាបត្រ ស្មើ ៩២% និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ស្មើ ៩៧.៨៥%។
លោកសាស្រ្តាចារ្យបណ្ឌិត ឯក មនោសែន បានលើកឡើងថា ភាពជោគជ័យ និងសមិទ្ធផល ដែលសាកលវិទ្យាល័យធនធានមនុស្សសម្រេចបាននេះ គឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេសដោយសារគុណូបការៈដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រ ទាំងគតិដឹកនាំ ស្មារតី សម្ភារ និងថវិកា ដោយគិតចាប់តាំងពីឆ្នាំ២០០២រហូតមក ក្នុងនោះបានផ្តល់ជំនួយឧបត្ថម្ភជាសម្ភារ សិក្សាជាច្រើន ដល់អង្គការវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស និងបានឧបត្ថម្ភប្រចាំខែជាទៀងទាត់ មានអង្ករចំនួន ២តោន និងថវិកាចំនួន ៥លានរៀល។ ដោយឡែកសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានឧបត្ថម្ភនូវសម្ភារ បរិក្ខារ និងថវិកាជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះផងដែរ៕