(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត នៃប្រទេសកម្ពុជា ត្រូវបានជ្រើសតាំងជាអគ្គរដ្ឋទូតសុឆន្ទៈ នៃពិព័រណ៍វប្បធម៌ពិភពលោក ឃ្យុងយូឆ្នាំ២០១៧ (Ho Chi Minh City-Gyeongju World Culture Exp) ដែលនឹងត្រូវធ្វើឡើងនៅខែវិច្ឆិនា ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។
គណៈកម្មាធិការពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូសង្ឃឹមថា លោក សួស យ៉ារ៉ា ដែលធ្លាប់បានបំពេញការងារជាសហប្រធានប្រតិបត្តិ នៃ គណៈកម្មាធិការរៀបចំពិព័រណ៍វប្បធម៌អង្គរ-ឃ្យុងយូ២០០៦ (Angkor-Gyeongju World Culture Expo 2006) នឹងរួមចំណែកតភ្ជាប់ វប្បធម៌របស់អាស៊ីទៅកាន់ពិភពលោក និង សម្រេចបានលទ្ធផលជាផ្លែផ្កានៅពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូឆ្នាំ២០១៧ ដែលត្រូវនឹង ខួបលើកទី១០ នៃពិព័រណ៍វប្បធម៌អង្គរ-ឃ្យុងយូ២០០៦។
លោក Kim Kwan-yong ប្រធានគណៈកម្មាធិការពិព័រណ៍វប្បធម៌ពិភពលោក (World Culture Exop Committee) និង ជាអភិបាល ខេត្តឃ្យុងសាងប៊ុកដូ មានបំណងចង់ឲ្យលោក សួស យ៉ារ៉ា ទទួលយកកិច្ចការនេះ ដោយផ្អែកលើវិសាលភាពការងារជោគជ័យកាលពី១០ ឆ្នាំមុន។ ពិព័រណ៍វប្បធម៌ពិភពលោកអង្គរ-ឃ្យុងយូ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍វប្បធម៌អន្តរជាតិជោគជ័យទីមួយរបស់កូរ៉េខាងត្បូង។
លោកអភិបាលខេត្ត Kim Kwan-yong បានថ្លែងថា «ផ្អែកតាមបទពិសោធន៍ពីពិព័រណ៍វប្បធម៌ពិភពលោកអង្គរ-ឃ្យុងយូ ដែលជាព្រឹត្តិការ ណ៍លេចធ្លោមួយ ដោយបានជំរុញការនាំចេញសម្បត្តិវប្បធម៌កូរ៉េ លោក សួស យ៉ារ៉ា នឹងជួយគាំទ្រជំរុញព្រឹត្តិការណ៍ខាងមុខនេះឲ្យបានផុស ផុល»។
ពិព័រណ៍វប្បធម៌ ដែលនឹងរៀបចំនៅខែវិច្ឆិកា នាំឆ្នាំក្រោយនេះ នឹងសម្រេចចុងក្រោយដោយក្រសួងយុទ្ធសាស្រ្តហិរញ្ញវត្ថុកូរ៉េ។ នេះគឺជាការ តាំងពិព័រណ៍រដ្ឋបាលខេត្តនៅក្រៅប្រទេសលើកទី៣ បន្ទាប់ពីពិព័រណ៍វប្បធម៌ពិភពលោកអ៉ីស្តង់ប៊ុល-ឃ្យុងយូ ២០១៣។
សូមរំលឹកថា ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ក្រោមគំនិតផ្តួចផ្តើមរបស់ខេត្តឃ្យុងសាងប៊ុកដូ នៃ សាធារណរដ្ឋកូរ៉េ។ ទីស្នាក់ការរបស់គណៈកម្មការរៀបចំពិព័រណ៍ស្ថិតនៅក្នុងក្រុងឃ្យុងយូ ដែលជាទីក្រុងបុរាណ Silla ដ៏ល្បីឈ្មោះ នៃអារិយ ធម៌កូរ៉េអស់រយៈកាល ៥០០០ឆ្នាំ។
ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ ត្រូវបានរៀបចំរៀងរាល់ ២ ឬ ៣ឆ្នាំម្តង និងមានរយៈពេលតាំងពិព័រណ៍ប្រមាណ ៥០ថ្ងៃ។ រហូតមកដល់ បច្ចុប្បន្ន ពិព័រណ៍នេះ បានរៀបចំចំនួន ៨ដង រួចមកហើយ ដែលក្នុងនោះ ៦ដងនៅកូរ៉េ និង២ដងទៀត នៅក្រៅប្រទេស រួមមាននៅកម្ពុជា ក្នុងឆ្នាំ២០០៦ និងទួរគីឆ្នាំ២០១៣ ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណ ១៦លាននាក់។
ការចាប់ផ្តើមរៀបចំពិព័រណ៍វប្បធម៌ពិភពលោកនៅក្រៅប្រទេសកូរ៉េ បានចាប់ផ្តើមជាលើកដំបូងនៅខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីចុង ឆ្នាំ២០០៦ ដែលចូលសហការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលទទួលបានអ្នកចូលទស្សនាសរុបប្រមាណ ៣០០,៣០០០នាក់ ដោយមានការចូលរួមសម្តែងមកពី ៣៣ប្រទេស៕