(សៀមរាប)៖ ក្រោយ​ពី​ទទួល​បាន​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ​ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដេីម្បីបញ្ជូន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ឲ្យដល់ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុន​តាឯក​ និងតំបន់អភិវឌ្ឍ​ន៍ពាក់ស្នែង​ ក្នុងខេត្ត​សៀមរាប​ លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានធ្វេីការដឹកនាំដោយផ្ទាល់នូវការអនុវត្តគម្រោងសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាតទៅតំបន់អភិវឌ្ឍន៍ទាំងពីរខាងលេី​ ជាបន្តបន្ទាប់​ ដោយក្នុងនោះបានរៀបចំរាល់ឯកសារគតិយុត្តពាក់ព័ន្ធ​ ការគិតគូមធ្យោបាយនិង​សំភារៈ​​សាងសង់​ ការចុះពិនិត្យដល់ទីតាំងផ្ទាល់​ ព្រមទាំងចាត់ចែងឲ្យក្រុមជំនាញនៃរដ្ឋាករទឹកស្វយ័តសៀមរាបចុះអនុវត្តការសាងសង់ជាលក្ខណ:បន្ទាន់​។

ជាក់ស្តែង​ដេីម្បីចុះពិនិត្យពីវឌ្ឍនភាពការងារ​ខាងលេី នៅព្រឹកថ្ងៃទី​១៧ ខែកុម្ភៈឆ្នាំ២០២៣ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានដឹកនាំប្រតិភូក្រសួង​និងមន្ត្រីជំនាញ​ចុះពិនិត្យពីវឌ្ឍនភាពគម្រោង​បញ្ជូនទឹកស្អាតទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង រួមមាន​ការ​ចុះពិនិត្យទីតាំងសាងសង់អាងស្តុកទឹកដែលំពុងដំណេីការសាងសង់​ និងបានចុះពិនិត្យការជីកកប់ និងការ​តភ្ជាប់បំពង់បណ្តាញជាដេីម។​

មានប្រសាសន៍​នាឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានវាយតម្លៃខ្ពស់ និង​កោតសរសើរ​ចំពោះកិច្ចសហការដ៏ល្អពីអជ្ញាធរខេត្ត​និងអង្គភាព​ពាក់ព័ន្ធ​ ជាពិសេស​អង្គភាពរដ្ឋាករទឹក​ស្វយ័តសៀមរាប​ ដែលបានដឹកនាំការងារយ៉ាងសកម្ម​ សហការ​គ្នាធ្វេីទាំងយប់ទាំងថ្ងៃធ្វេីឲ្យគម្រោងនេះអនុវត្តបានលឿនឆាប់រហ័ស​ ជាលទ្ធផល​គឺមានដូចជា៖-បានដាក់បណ្តាញមេបញ្ជូនទឹកទៅតំបន់អភិវឌ្ឍន៍រុនតាឯកបាន១០០%-បាននឹងកំពុងដាក់បណ្តញមេក្នុងតំបន់រុនតាឯកបានចំនួន ១គីឡូម៉ែត្រ/៦៤គីឡូម៉ែត្រ-និងកំពុងត្រៀមរៀបចំតម្លើងម៉ូទ័របូមបញ្ជូនបន្តទៅតំបន់អភិវឌ្ឃន៍រុនតាឯក។ ដោយឡែកសម្រាប់តំបន់អភិវឌ្ឍន៍ពាក់ស្នែងបានដាក់បណ្តាញទឹកស្អាតទំហំ៤០០មម ប្រវែង៥គីឡីម៉ែត្រ និងទំហំ ៣១៥មម ប្រវែវង១៥គីឡូម៉ែត្រ​។

តមកនៅព្រឹកថ្ងៃបន្ទាប់​ គឺថ្ងៃទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានដឹកនាំប្រតិភូក្រសួងអញ្ជេីញចុះពិនិត្យដំណេីរការ​សាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាត​ដែលមានទីតាំង​នៅភូមិ​ បុស្សអង្កាញ់​ សង្កាត់​ជ្រៀវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​ ដែលមានសមត្ថភាពផលិត​៦មុឺន​ម៉េត្រគូប​ក្នុងមួយថ្ងៃ​។

ក្នុង​ឱកាស​នោះ​ លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានវាយតម្លៃខ្ពស់​ និងថ្លែងអំណរគុណចំពោះកម្ចីដ៏មានសារ:សំខាន់របស់ប្រទេសជប៉ុន​ ជាមួយ​នឹងបច្ចេកទេសសាងសង់របស់ជប៉ុនផងដែរ​ ដេីម្បីធានាការផ្គត់ផ្គង់ទឹកស្អាត​ទៅទីក្រុងសៀមរាប​និងតំបន់ជុំវិញ​ ដែលកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន​ ហេីយសង្ឃឹមថា គម្រោង​នេះ​ នឹងត្រូវបញ្ចប់ក្នុងកំឡុងខែមេសា​ខាងមុខ​តាមការគ្រោងទុក​។

បន្ទាប់​មក​ទៀត​ នៅព្រឹកថ្ងៃដដែល​ លោកទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ក៏បាន​បន្តដំណេីរ​ ទៅខេត្ត​កំពង់ធំ​ដេីម្បីចុះពិនិត្យជាក់ស្តែងនូវគម្រោង​ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត​ខេត្ត​កំពង់​ធំ​ ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ ដែលមានសមត្ថភាពផលិត ៧.៥០០​ម៉ែតត្រីគុណ​ក្នុងមួយថ្ងៃ​ និងមានបណ្តាញចែកចាយប្រវែង​១៥២​ គីឡូ​ម៉ែត្រ​។

មានប្រសាសន៍​ណែនាំ​នាឱកាសនោះ​ លោកទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានជម្រុញ​ឲ្យរដ្ឋាករទឹកខេត្តកំពង់ធំ​ខិតខំ​តបណ្តាញចូលផ្ទះប្រជាពលរដ្ឋឲ្យបានគ្រប់ខ្នងផ្ទះ​ នៅតំបន់​ដែលមាន​បណ្តាញ​ទឹកស្អាតឆ្លងកាត់​ ព្រម​ទាំង​ខិតខំ​ពិនិត្យ​លទ្ធភាព​នៅតំបន់មិនទាន់មានទឹកស្អាតចូលដល់​ ធ្វេីយ៉ាងណាដេីម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិស័យទឹកស្អាតសម្រាប់ឆ្នាំ២០២៥​ និងឆ្នាំ២០៣០​ ខាងមុខ​៕