(អ៉ីស្តង់ប៊ុល)៖ មន្ត្រីអាជ្ញាធរតួកគី បានថ្លែងឲ្យដឹងជាផ្លូវការថា ភេរវករដែលវាយប្រហារអាកាសយានដ្ឋាននៅក្នុងទីក្រុងអ៉ីស្តង់ប៊ុល គឺមកពីប្រទេសរុស្ស៊ី, អ៊ូបេគីស្ថាន និង កៀហ្ស៊ីស៊ីស្ថាន។ នេះបើយោងតាមការចេញរបស់សារព័ត៌មាន Sky News ចេញផ្សាយ Update នៅមុននេះបន្តិច។
នៅប៉ុន្មានម៉ោងមុននេះ កងកម្លាំងប៉ូលិសតួកគី បានស៊ើបអង្កេត និងចាប់ខ្លួនជនសង្ស័យ ២២នាក់ យកទៅឃុំឃាំងជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីភេរវកម្មនៅទៅលើព្រលានយន្តហោះ ធំបំផុតក្នុងទីក្រុងអ៉ីស្តង់ប៊ុល នៅយប់ថ្ងៃអង្គារកន្លងទៅនេះ បានបណ្តាលឲ្យមនុស្ស ៤២នាក់ស្លាប់ និងជិត ២៤០នាក់របួស។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាទង្វើរបស់ខ្លួន បើទោះបីជាមេដឹកនាំតួកគី បានចោទថា ករណីខាងលើនេះជាអំពើរបស់ ISIS ក៏ដោយ៕