(ភ្នំពេញ)៖ មន្ទីរពិសោធន៍ឯករាជ្យរបស់ប្រទេសសិង្ហបុរីបានបន្តទទួលស្គាល់នូវគុណភាពទឹកស្អាតដែលផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្របតាមស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិនិងការណែនាំរបស់អង្គការសុខភាពពិភពលោក ពោលគឺជាប្រភេទទឹកស្អាតដែលអាចទទួលទានបានភ្លាមៗបន្ទាប់ពីបង្ហូរចេញពីក្បាលរ៉ូប៊ីនេ ដោយមិនចាំឆ្លងកាត់ការចម្រោះ ឬដាំឱ្យពុះ ហើយមិនប៉ះពាល់សុខភាពឡើយ។ នេះបើយោងតាមរបាយការណ៍បញ្ជាក់គុណភាពទឹកស្អាតរបស់មន្ទីរពិសោធន៍សឹង្ហបុរីដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
លោក ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា កាលពីពេលថ្មីៗ ទឹកស្អាតដែល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្គត់ផ្គង់ដល់ពលរដ្ឋក្នុងក្រុងភ្នំពេញនាពេលបច្ចុប្បន្ន ទទួលបានការបញ្ជាក់ពីក្រុមហ៊ុនឯករាជ្យផ្នែកពិសោធទឹកនៅប្រទេសសិង្ហបុរី បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានយកទឹកស្អាតចេញពីរោងចក្រផលិតទឹកស្អាតយកទៅពិសោធន៍។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងទើបបានទទួលនូវលទ្ធផលការពិនិត្យ ពិសោធន៍ពីមន្ទីរពិសោធន៍ឯករាជ្យរបស់ប្រទេសសិង្ហបុរីទៅលើគុណភាពទឹកស្អាតដែលផលិតតាមបណ្តារោងចក្រផលិតទឹកស្អាតរបស់យើង។ ប៉ារ៉ាម៉ែត្រដែលយើងឱ្យគេពិនិត្យមានប្រមាណជា២០០ប៉ារ៉ាម៉ែត្រ ហើយតាមការធ្វើពិសោធន៍គឺគ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ដែលយើងបានឱ្យគេមើលនេះ គឺយើងជាប់ទាំងអស់ គឺមិនមានអ្វីបង្ហាញថា យើងត្រូវកែតម្រូវទេ ពោលគឺប្រព័ន្ធប្រព្រឹត្តិកម្មនៅក្នុងរោងចក្រយើងទាំងអស់នេះ គឺធានានូវការផលិតនិងចម្រាញ់ ដែលធ្វើម៉េចឱ្យទឹកផ្អែកទៅលើប៉ារ៉ាម៉ែត្រដែលទទួលស្គាល់ក៏ដូចជាណែនាំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទៅលើគុណភាពទឹកស្អាត គោរពតាមស្តង់ដារថ្នាក់ជាតិ និងស្តង់ដារអង្គការសុខភាពពិភពលោក។»
លោកបន្តថា កន្លងមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តែងតែយកទឹកដែលផលិតទឹកស្អាតចេញពីរោងចក្រ ទៅពិនិត្យមើលគុណភាពនៅបណ្តាប្រទេសនៅបណ្តាប្រទេសសំខាន់ៗ ដូចហុងកុង សៀងហៃ និងសិង្ហបុរីជាដើម ដែលមានមន្ទីរពិសោធន៍ធំ និងមានសមត្ថភាពខ្ពស់ ក្នុងការពិនិត្យគុណភាពទឹក ដើម្បីធានាថា ទឹកស្អាតដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្គត់ផ្គង់ដល់ពលរដ្ឋក្នុងក្រុងភ្នំពេញធានានូវស្តង់ដារ ថ្នាក់ជាតិ និងស្តង់ដារអង្គការសុខភាពពិភពលោក។
លោកបន្ថែមថា «គុណភាពទឹកស្តង់ដារថ្នាក់ជាតិ និងអង្គការសុខភាពពិភពលោក គឺទឹកដែលញ៉ាំបាន ។ ប្រើពាក្យថាញ៉ាំបានហ្នឹង ចង់បានន័យថា មិនមែនយកទឹកខ្ញុំទៅដាក់ក្នុងអាងស្តុកទេ គឺយកទឹកខ្ញុំបើកចេញពីរ៉ូប៊ីនេ ហើយត្រងញ៉ាំចុះអត់ចេះខុសទេ ប៉ុន្តែបើយកទឹកហ្នឹងទៅស្តុកទុក គុណភាពនឹងថយចុះ អ៊ីចឹងទឹកដែលយើងផលិតបច្ចុប្បន្ននេះ គឺផ្នែកទៅលើស្តង់ដារទាំងពីរហ្នឹង»។
កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋមួយរូប បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ដោយបានបង្ហាញពីទឹកដែលត្រង់ចេញមកមានពណ៌ខៀវ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ប៉ុន្តែយ៉ាងនេះក្តីបន្ទាប់ពីបុគ្គលិក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះទៅពិនិត្យឃើញថា នេះគ្រាន់តែជាការយល់ច្រលំប៉ុណ្ណោះ ដោយសារតែប្តីរបស់ស្រ្តីរូបនោះ តបណ្តាញទុយោប្រើប្រាស់ក្នុងផ្ទះថ្មីៗខុសបច្ចេកទេស ដែលនាំឱ្យទឹកដែលគាត់ត្រង់ចេញមកប្រើប្រាស់មានពណ៌ខៀវ។
មន្រ្តីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ជាទូទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញតែងតែធ្វើការពិនិត្យតាមដានគុណភាពជាប្រចាំថ្ងៃ សប្តាហ៍ និងប្រចាំខែ ដើម្បីធានាថាទឹកដែលប្រជាពលរដ្ឋប្រើប្រាស់ជាទឹកស្អាតដែលមានគុណភាពល្អ៕