(បាត់ដំបង)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានលើកឡើងថា គ្រូបង្រៀនខ្មែរឥស្លាម គឺជាជនសកម្មដែលកំពុងធ្វើឲ្យភូមិឃុំ មានសុវត្ថិភាព ដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងច្បាប់ឥស្លាម។

ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោក អូស្មាន ហាស្សាន់ អញ្ជេីញជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយលោកគ្រូអ្នកគ្រូខ្មែរឥស្លាម ចំនួន១៨០នាក់ មកពី ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ ប៉ៃលិន សៀមរាប និងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាអុីស្លាម អាល់ហារ៉ម៉ៃន៍ ភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកបណ្ឌិត ក៏បាននាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់អង្គប្រជុំទាំងអស់ដោយក្ដីនឹករលឹកបំផុត។ ជាមួយគ្នានោះ លោកបណ្ឌិតបាននាំការសួរសុខទុក្ខពីសំណាក់ លោកឧកញ៉ា សុះ កំរុី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជូនអង្គប្រជុំដូចគ្នាផងដែរ។

លោកបានបន្តថា រដ្ឋាភិបាលបានផ្ដល់គ្រូក្របខណ្ឌខ្មែរឥស្លាម ចំពោះសហគមន៍ឥស្លាម គឺជាការគិតគូរ និងលើកស្ទួយវិស័យអប់រំឥស្លាមនៅកម្ពុជា។ ជាពិសេស ការទទួលបានគ្រូក្របខ័ណ្ឌខ្មែរឥស្លាមប្រមាណ ១,៥០០នាក់ ក្នុងឆ្នាំ២០១៥ ពីរាជរដ្ឋាភិបាលកម្ពុជា គឺជាការដោះទុក្ខកង្វល់ដ៏ធំធេងរបស់សហគមន៍ឥស្លាម ដែលតែងតែធ្វើការរៃអង្គាសថវិកាតាមលទ្ធភាព ពីប្រជាពលរដ្ឋឥស្លាម ទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្គត់ផ្គង់ជីវភាពគ្រូបង្រៀនឥស្លាម នាពេលនោះ។

លោកបានសង្កត់ធ្ងន់ថា «គ្រូបង្រៀនក្របខ័ណ្ឌខ្មែរឥស្លាមគ្រប់រូប ត្រូវដឹងគុណតម្លៃដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឲ្យទាំងអស់គ្នា ដូច្នេះយើងទាំងអស់គ្នា ត្រូវស្រលាញ់គាំទ្រ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តទទួលបានសុខសន្តិភាព ការអភិវឌ្ឍ និងសមិទ្ធផលផ្សេងៗទៀត សម្រាប់ប្រទេសជាតិទាំងមូល»

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានជំរុញ និងលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូឥស្លាមទាំងអស់ឲ្យបន្តសហការ សាមគ្គីគ្នាជាធ្លុងតែមួយ ជាពិសេសត្រូវចេះជួយទុក្ខធុរៈគ្នា ដើម្បីឲ្យវិស័យអប់រំឥស្លាមនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនឡើង៕