(ព្រៃវែង)៖ អតីតសមាជិកគណបក្សភ្លើងទៀន ចំនួន១៦៦នាក់ ស្រី៦៧នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានប្រកាសបញ្ជូលជាសមាជិកថ្មីជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង និងឃុំក្តឿងរាយ ស្រុកកញ្ជៀច ខេត្តព្រៃវែង។ ក្នុងពិធីនេះមានការចូលរួមពីសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា ឃុំក្ដឿងរាយ ប្រមាណជាង២០០នាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ចាន់ វ៉ាន់ធឿន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកសន្ដិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ជូនដល់អង្គពិធីទាំងមូល។
លោក ចាន់ វ៉ាន់ធឿន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបាននាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។
លោកបន្ដទៀតថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិចាប់តាំងពីថ្ងៃជ័យជម្នះ ៧មករា ដោយកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនជាលំដាប់ ពិសេសបាននាំយកនូវសន្តិភាពពេញបរិបូរណ៍ តាមរយៈនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស រស់នៅមានភាពសុខសាន្ត និងមានជីវភាពធូរធារ។
ក្រោយបញ្ចប់ពិធីប្រកាសបញ្ចូលសមាជិក លោក ចាន់ វ៉ាន់ធឿន ក៏បានដឹកនាំក្រុមការងារអញ្ជើញទៅប្រគល់សាលាមតេយ្យសហគមន៍ ចំនួន១ខ្នង (បំពាក់រួចស្រេចនូវសម្ភារសិក្សា) អណ្តូងស្នប់១ ជូនសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងបានចុះចែកគ្រឿងឧបភោគបរិភោគ ថវិកាជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងចំនួន៥គ្រួសារផងដែរ៕