(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ទោ អូត ស៉ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានដាក់វិធានការបន្ថែមដល់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ការដាក់ចេញវិធានការបែបនេះ របស់លោកស្នងការបានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសលោកចុះពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅឃុំព្រែកមាសស្ រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា បានបន្ថែមថា សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវទទួលខុសត្រូវលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ដែលខ្លួនគ្រប់គ្រង់នៅតាមចំណុចគោលដៅបង្កើនកិច្ចការការពារសន្តិសុខឱ្យកាន់តែមានប្រសិទ្ធភាពឡើងថែមទៀត។
លោកស្នងការ បានបន្តថា៖ «ប្រការនេះលោកមេប៉ុស្តិ៍គ្រប់ប៉ុស្តិ៍រដ្ឋបាលក្នុងឃុំ សង្កាត់នីមួយៗ សហការជាមួយអាជ្ញាធរពាក់ព័ន្ធរួមនឹងបងប្អូនប្រជាពលរដ្ឋផងឱ្យជួយតាមដាន និងផ្តល់ព័ត៌មានពីករណីនៃបទល្មើសនៅក្នុងមូលដ្ឋាន យើងដឹងមុខសញ្ញាយ៉ាងណាក្មេងណាជក់គ្រឿងញៀន ខ្ញុំជឿថាដឹងនៅមូលដ្ឋានអញ្ចឹងយើងរួមគ្នា ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំងអស់គ្នា ហើយខ្ញុំសប្បាយចិត្តនៅពេលឃុំនីមួយៗ សង្កាត់នីមួយៗ ពិសេសនៅក្នុងខេត្តដែលខ្ញុំទទួលដឹកនាំ គឺនេះសប្បាយចិត្ត នៅពេលបទល្មើសសឹងតែថាគ្មាន ខ្ញុំមិនអាចនិយាយថាបទល្មើសគ្នានទេ បទល្មើសស្ទើរតែគ្មាន និងចោរកម្ម គ្មានហិង្សាអីនេះវាសឹងតែងតែគ្មាន និងគឺទាំងខ្ញុំនិងថ្នាក់ដឹកនាំខេត្តគឺសប្បាយចិត្តណាស់ព្រោះវាពាក់ព័ន្ធនឹងសន្តិសុខទាំងអស់គ្នាទេ»។
បើតាមលោកវរសេនីយ៍ត្រី សែន សូម នាយប៉ុស្តិ៍រដ្ឋបាលឃុំព្រែកមាស ទទួលយកការណែនាំនេះហើយលោក និងបន្តកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធបំពេញកិច្ចការងារនៅមូលដ្ឋានឱ្យបានកាន់តែសកម្មឈានទៅរួមគ្នាកាត់បន្ថយ និងលប់បំបាត់នៅបទល្មើសផ្សេងៗ ដូចជាល្បែងស៊ីសង ការរក្សារទុក ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ករណីលួច ឆក់ ប្លន់ ក្មេងទំនើង និងអំពើហឹង្សាជាដើម។
លោក ហេង សូត្រ ជាប្រជាពលរដ្ឋរស់នៅភូមិខិស្វាយ ឃុំព្រែកមាស បានគាំទ្រការប្តេជ្ញាចិត្តនេះ ព្រោះប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននីមួយៗចង់បានភូមិ ឃុំ មានសុវត្ថិភាព ហើយក្នុងនាមប្រជាពលរដ្ឋលោកនឹងជួយផ្តល់ព័ត៌ពាក់ព័ន្ធ និងករណីបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងភូមិ ឃុំ ដើម្បីឱ្យសមត្ថកិច្ចមូលដ្ឋានបង្ក្រាបបានទាន់ពេលវេលា។
សូមញ្ជាក់ថា គោលនយោបានភូមិ ឃុំ មានសុវត្ថិភាពចំនួន០៧ចំណុច ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមអនុវត្តមិនមែនសម្រាប់អាជ្ញាធរ ឬមន្ត្រីនគរបាលយុត្តិធម៌អនុវត្តតែឯកឯងនោះទេ ហើយឃុំ សង្កាត់ណាអនុវត្តបានជាប់ចំណាត់ថ្នាក់ ក្នុងការប្រកួតប្រជែងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងទទួលបានរង្វន់លើកទឹកចិត្តជាប្រាក់ពីក្រសួងមហាផ្ទៃបន្ថែមទៀត តាមរយៈស្នងការនគរបាលខេត្ត៕