(ភ្នំពេញ)៖ ដំណើរការពិនិត្យ និងផ្ទៀងផ្ទាត់លើស្នាមមេដៃ ដែលគាំទ្រញត្តិរបស់ គណបក្សសង្រ្គោះជាតិ (CNRP) ថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី រយៈពេលជាងមួយខែមកហើយនោះ នៅមិនទាន់បញ្ចប់នៅឡើយទេរហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយសារបច្ចេកទេសស្រាវជ្រាវមានភាពស្មុគស្មាញច្រើន។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេ នីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និង ជាអនុប្រធានគណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច្ច័យស្នាមេដៃ។
នាយឧត្តមសេនីយ៍ កង សុខន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះថា «ការពិនិត្យ និងផ្ទៀងផ្ទាត់លើស្នាមមេដៃនេះ យើងធ្វើបានច្រើនហើយ តែនៅមិនទាន់បានបញ្ចប់នៅឡើយទេ»។ លោក កង សុខន ក៏មិនទាន់អាចបញ្ជាក់ពីទំហំ នៃការពិនិត្យនេះ បានប៉ុន្មានភាគរយនោះដែរ។
បើតាមនាយឧត្តមសេនីយ៍ កង សុខន បច្ចេកទេស នៃការពិនិត្យផ្ទៀងផ្ទាត់នេះ មានភាពស្មុគស្មាញច្រើន។ ជាពិសេសការធ្វើឲ្យមានច្បាស់ លាស់ និងត្រឹមត្រូវ ជាហេតុនាំឲ្យដំណើរការពិនិត្យ និងផ្ទៀងផ្ទាត់មានភាពយឺតយ៉ាវ។
លោកអនុប្រធានគណៈកម្មការស្រាវជ្រាវ ក៏បានឲ្យដឹងផងដែរថា ការផ្ទៀងផ្ទាត់រយៈពេលជិត ១ខែកន្លងមកនេះ ក្រៅពីភាពមិនប្រក្រតី ដែលបានរកឃើញនាពេលកន្លងមកមានដូចជា ស្នាមមេដៃតែមួយ ផ្តិតលើឈ្មោះមនុស្សរហូតដល់ទៅ ៨៦នាក់ ហើយឈ្មោះខ្លះទៀត គ្មានលំនៅ ដ្ឋានច្បាស់លាស់ហើយនោះ នៅមានភាពមិនប្រក្រតីថ្មីជាច្រើនទៀត ត្រូវបានរកឃើញ។ ភាពមិនប្រក្រតី ដែលរកឃើញថ្មីនោះ មានដូចជា ឈ្មោះខ្លះ មនុស្សបានស្លាប់បាត់ ហើយឈ្មោះខ្លះទៀត មនុស្សកំពុងធ្វើចំណាកស្រុក។
លោកបានបញ្ជាក់ដូច្នេះ «យើងបានរកឃើញភាពមិនប្រក្រតីជាច្រើនទៀត ក្នុងនោះមានឈ្មោះខ្លះ មនុស្សបានស្លាប់បាត់ ហើយឈ្មោះខ្លះទៀត មនុស្សបានធ្វើចំណាកស្រុក»។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ តំណាងដោយលោក យ៉ែម បុញ្ញរិទ្ធ បានធ្វើញត្តិមួយអមដោយស្នាមមេដៃរបស់ប្រជាពលរដ្ឋចំនួន ១៨ដុំ ស្មើនឹងជាង ១៧ម៉ឺនស្នាមមេដៃ ដង្ហែទៅថ្វាយព្រះមហាក្សត្រខ្មែរ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤រូប អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត១រូប។ ក្នុងញត្តិក៏ទាមទារឲ្យដោះលែងសកម្មជនមន្រ្តីជាន់ខ្ពស់ និង តំណាងរាស្រ្តគណបក្សគណបក្សសង្រ្គោះជាតិ ព្រមទាំងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ ទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ។
ដំណើរការពិនិត្យផ្ទៀងផ្ទាត់ និង ធ្វើកោសល្យវិច្ច័យដោយកម្លាំងសមត្ថកិច្ចនេះ ត្រូវបានគណបក្សសង្រ្គោះជាតិ បង្ហាញការមិនសូវមានជំនឿលើការពិនិត្យឡើយ ដោយសារតែការផ្ទៀងផ្ទាត់ធ្វើឡើង ដោយគ្មានការចូលរួមពីខាងមន្រ្តីគណបក្សសង្រ្គោះជាតិ។
ឆ្លើយតបនិងភាពមិនសូវមានជំនឿចិត្តរបស់គណបក្សប្រឆាំងនេះ នាយឧត្តមសេនីយ៍ កង សុខន បានពន្យល់ថា ការពិនិត្យផ្ទៀតផ្ទាត់ត្រូវបានធ្វើឡើងដោយភាពសុក្រឹតត្រឹមត្រូវ និងមានការផ្ទៀងផ្ទាត់យ៉ាងច្បាស់លាស់ទៅតាមបច្ចេកទេស និងបានផ្ទៀងផ្ទាត់ជាមួយបញ្ជីគ្រប់គ្រង ស្ថិតិប្រជាពលរដ្ឋផងដែរ។ លោក កង សុខន បានបញ្ជាក់ថា ប្រសិនបើការពិនិត្យនេះមានភាពមិនត្រឹមត្រូវ មន្រ្តីបច្ចេកទេស ក៏ត្រូវមានទោស ដូចគ្នា។
នាយឧត្តមសេនីយ៍ កង សុខន បានឲ្យដឹងថា ក្រោយពេលដំណើរការពិនិត្យ និងផ្ទៀងផ្ទាត់បិទបញ្ចប់គណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច្ច័យស្នាមេដៃ នឹងធ្វើរបាយការណ៍ជូនទៅក្រសួងមហាផ្ទៃពិនិត្យ និងចាត់នីតិវិធីបន្ត។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា ភាពមិនប្រក្រតីលើស្នាមមេដៃនេះ គឺ ជាការប្រមាថធ្ងន់ធ្ងរដល់ព្រះជេស្តាព្រះមហាក្សត្រ ហើយអ្នកនាំស្នាមមេដៃថ្វាយព្រះមហាក្សត្រ ដែលមានលោក យ៉ែម បុញ្ញរិទ្ធ ជាតំណាងនឹងត្រូវប្រឈមមុខនិងច្បាប់មុនគេ៕