(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងក្រុមការងារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ៥គ្រួសារ នៅភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។

ក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី បានសម្តែងនូវសមានុចិត្តសោកស្តាយរំលែកទុក្ខជាមួយម្ចាស់ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះ និងបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងមូលដ្ឋាន ត្រូវត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះឧបទ្ទវហេតុគ្រោះអគ្ភ័យ ដែលអាចបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង ឬអាយុជីវិតយើងបានហើយលោកស្រីបានឱ្យគ្រប់ម្ចាស់គេហដ្ឋានត្រូវត្រួតពិនិតមើលប្រព័ន្ធអគ្គិសនី ប្រភពចំហេះឱ្យបានម៉ត់ចត់ត្រឹមត្រូវ និងមានសុវត្ថិភាព មុននឹងចាកចេញក្រៅផ្ទះ ឬទៅឆ្ងាយ។

លោកស្រីបានពាំនាំនូវការផ្តាំសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលតែងតែគិតគូពីសុខទុក្ខរប់បងប្អូនជានិច្ច។

លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា ការសួរសុខទុក្ខ និងចែកអំណោយនៅពេលនេះជាការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកហើយជាកិច្ចការងារចាំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែ យកចិត្តទុកដាក់ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយជាពិសេសក្នុងគ្រាលំបាក ឬជួបនូវឧបទ្ទវហេតុផ្សេងៗដូចជា៖ គ្រោះទឹកជំនន់ ទុរ្ភឹក្ក្ស ឬគ្រោះអគ្គីភ័យជាដើម។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ៥គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆាប់ឆេះរួមមាន៖

*ទី១៖ អ្នកស្រី យន់ ស៊ីណាន អាយុ២៨ឆ្មាំ មុខរបរគ្រូបង្រៀន
*ទី២៖ អ្នកស្រី យ៉ុន ទីន អាយុ៤៤ឆ្នាំ មុខរបរកសិករ
*ទី៣៖ អ្នកស្រី សោម ទៀង អាយុ៥២ឆ្នាំ មុខរបរក្រុមប្រឹក្សាឃុំដូង
*ទី៤៖ លោក យួន យ៉ុន អាយុ៦៧ឆ្នាំ មុខរបរកសិករ
*ទី៥៖ លោក សុខ គីមថុង អាយុ៦៥ឆ្នាំ សមាជិកក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក។

ជាមួយគ្នាដែរ លោកស្រីបាននាំយកនូវកន្ទេលភួយ សារុង ក្រម៉ា និងថវិកាមួយចំនួនជូនដល់គ្រួសារទាំងប្រាំផងដែរ៕