(ព្រះវិហារ)៖ គណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោក ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី ដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី ព្រមទាំងអនុប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុក ចុះជួយឃុំ និងថ្នាក់ដឹកនាំគណបក្សស្រុកឃុំជាច្រើនរូបទៀត។

លោក ចាន់ នន់វិទ្យា បានថ្លែងថា ក្នុងនាមក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ លោកសូមសំដែងនូវក្តីសោមនស្សរីករាយ ចំពោះការឧបត្ថម្ភគាំទ្រដ៍ថ្លៃថ្លាជាប្រចាំទាំងសម្ភារ ថវិកា និងស្មារតី ពីលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងក្រោមការដឹកនាំផ្ទាល់ពីលោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងលោក លោកស្រី ក្នុងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មីទាំងអស់ដែលបានចុះជួយមូលដ្ឋានកន្លងមក។

លោក ចាន់ នន់វិទ្យា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់របស់គណៈកម្មាធិការបក្សស្រុក និងឃុំទាំង៥ ដែលជាសេនាធិកាគណបក្សខេត្ត បានខិតខំប្រឹងប្រែង យកអស់ កម្លាំងកាយចិត្តក្នុងការអនុវត្តកម្មវិធីគោលនយោបាយរបស់បក្សប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺមានខ្លឹមសារ២ រួមមាន៖

*ទី១៖ ជំនួយស្មារតីអំពីការអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ *ទី២៖ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានថ្លែងប្រាប់សមាជិក សមាជិកា ដែលចូលរួមនាឱកាសនេះថា លទ្ធផល នៃមហាស្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរួមមាន៖

*របាយការណ៍ស្តីពីលទ្ធផល នៃកម្មវិធីនយោបាយរបស់គណបក្សឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងទិសដៅភារកិច្ច ឆ្នាំ២០២៣
*កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាងមាតុភូមិឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨
*ការវាយតម្លៃការអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧
*ការគាំទ្រពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់និតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

លោក ចាន់ នន់វិទ្យា បានថ្លែងណែនាំដល់សមាជិក សមាជិកា បក្ស ត្រូវអនុវត្តរួមមាន៖

*ត្រូវបង្កើនការងារអប់រំ នយោបាយ សតិអារម្មណ៍ ដើម្បីសមាជិកបក្សក៏ដូចជាប្រជាពលរដ្ឋមានជំនឿជឿជាក់លើថ្នាក់ដឹកនាំគណបក្ស
*បន្តកសាង ពង្រឹងអង្គការចាត់តាំងបក្សគ្រប់លំដាប់ថ្នាក់ឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រាន់ទាំងក្នុងនិងក្រៅប្រទេស និងមានសមត្ថភាពអនុវត្តបានល្អនូវតួនាទី ភារកិច្ច សិទ្ធនិងរបៀបរបបការងាររបស់ខ្លួន
*ពង្រីកប្រជាធិបតេយ្យផ្ទៃក្នុង ក្នុងការប្រកាប់ភ្ជាប់គោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ពង្រឹងចាស់ កសាងថ្មី
*គ្រប់ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវប្រមូលផ្តុំចុះមូលដ្ឋាន និងជួយមូលដ្ឋានឱ្យបានជាក់ស្តែង
*ពង្រឹងការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជន បង្កើតការងារចលនាមហាជនឱ្យបានខ្លាំងក្លានឹងគ្រប់ស្រទាប់មហាជន គ្រប់មជ្ឈដ្ឋានក្នុងសង្គម *ក្តាប់ជាប់សារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ឆ្នាំ២០២៣ ដើម្បីធានារក្សាភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា
*រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាពដែលកត្តាចំបងមួយឆ្ពោះទៅរកជ័យជំនៈក្នុងការបោះឆ្នោតក៏ដូចជាការសម្រឹចភារកិច្ចជូនជាតិនិងប្រជាជន៕