(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី តំណាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រះវិហារ នៅវត្តសិលារង្សី ហៅវត្តត្រពាំងថ្កូវ ស្ថិតក្នុងភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ រដ្ឋមន្រ្តី និងលោកស្រី ក៏បាននាំយកបច្ច័យចំនួន ២ម៉ឺនដុល្លារ របស់សម្តេចពាញចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ប្រគេនដល់ព្រះចៅអធិការវត្តសម្រាប់កសាងព្រះវិហារ និងសមិទ្ធផលនានា ដែលត្រៀមដាក់ឆ្លងព្រះវិហារនេះនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ខាងមុខ។
នាឱកាសនោះរដ្ឋមន្រ្តី វង សូត បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ និងជូនពរសូមមានសុខភាពល្អ រស់នៅប្រកបក្តីសុខចម្រុងចម្រើនក្រោមម្លប់សន្តិភាពជារៀងរហូត។
រដ្ឋមន្រ្តី វង សូត បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំកសាងសមិទ្ធផលជាច្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើង ជាក់ស្តែងនាពេលនេះ ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តសិលារង្សីកំពុងកសាងឡើង និងត្រៀមដាក់ឆ្លងនាពេលខាងមុខនេះ ដើម្បីបម្រើផលប្រយោជន៍វិស័យពុទ្ធសាសនាជូនប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការគោរពប្រតិបត្តិធម៌ ជាទីសក្ការៈបូជាសុំសេចក្តីសុខសប្បាយដល់ក្រុមគ្រួសារផងដែរ។
ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមចាក់វ៉ាក់សាំងដុសជម្រុញជាបន្តបន្ទាប់ ដើម្បីការពារខ្លួនពីជម្ងឺកូវីដ-១៩ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលម្តងទៀត និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ ឡើងវិញផងដែរ។
សូមជម្រាបថា វត្តសិលារង្សី ហៅវត្តត្រពាំងថ្កូវ កសាងឡើងតាំងពីឆ្នាំ១៨៤៧ មកម្ល៉េះ ប៉ុន្តែនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សមិទ្ធផលទាំងឡាយក្នុងវត្តត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង រហូតដល់ឆ្នាំ២០១៤ ទើបវត្តនេះចាប់ផ្តើមការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាជាច្រើនឡើងវិញជាបន្តបន្ទាប់រួមមាន៖ ព្រះវិហារ, ឧបដ្ឋានសាលា, កុដិ, ខ្លោងទ្វារ, សាឡុំ, សាលាធម្មសភា, អណ្តូងទឹកជាដើម។ សមិទ្ធផលទាំងអស់នេះ បានមកពីការផ្តួចផ្តើមការកសាងពីសំណាក់សម្តេចចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយចំណុះជើងវត្ត៕