(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តនៃក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណ៤០០នាក់ រស់នៅសង្កាត់ភ្នំពេញ រាជធានីភ្នំពេញ។
លោករដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងថា «ការចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋយើងមកដល់មូលដ្ឋាន ដើម្បីបានដឹងពីសុខទុក្ខរបស់ពលរដ្ឋយើងផង និងផ្ដល់ភាពងាយស្រួលដល់គាត់ផង កុំឱ្យចំណាយលុយធ្វើដំណើរមកពេទ្យ។ ក្រៅពីពិនិត្យព្យាបាលជំងឺជូនពួកគាត់ ក៏មានការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ផងដែរ»។
លោកសាស្ដ្រាចារ្យបន្ដថា «ថ្ងៃនេះយើងក៏ផ្ដល់រទេះជូនដល់ប្រជាពលរដ្ឋយើង ដែលពិការដើរចំនួន៥គ្រឿង ហើយនិងបន្ដផ្ដល់ទៀតបើជាតម្រូវការចាំបាច់របស់ពលរដ្ឋយើង»។
សម្រាប់ប្រជាពលរដ្ឋ ដែលទទួលបានរទេះពីលោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសម្ដែងការសប្បាយចិត្ដយ៉ាងខ្លាំង ព្រោះបានសម្រាលការលំបាករបស់ពួកគាត់មួយចំណែកធំ ទាំងសមីខ្លួនដែលពិការអាចចល័តទៅទីតាំងផ្សេងដោយខ្លួនឯងហើយ និងសម្រាលបន្ទុកអ្នកមើលថែថែមទៀត។
ចំណែកប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទាំងអារម្មណ៍ត្រេកអរថា ពួកគាត់សប្បាយរីករាយណាស់ ដែលថ្នាក់ដឹកនាំនៅតែបន្ដយកចិត្ដទុក្ខដាក់ដល់ប្រជាពលរដ្ឋ ពិសេសការចុះមកពិនិត្យព្យាបាលដោយឥតគិតថ្លៃហើយ ថែមទាំងមកដល់ភូមិឋានរបស់ពួកគាត់ថែមទៀត ដោយមិនបាច់ចំណាយលុយជិតម៉ូតូឌុប ឬតុតុទៅដល់មន្ទីរពេ្យទេ។
ក្នុងឱកាសនោះប្រជាពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង និងគោរពជូនពរដល់លោក និងក្រុមការងារមានសុខភាពល្អ អាយុយ៉ឺនយូរ ដើម្បីមើលការខុសត្រូវដល់ពលរដ្ឋដែលក្នុងមូលដ្ឋានរបស់លោកបន្ដទៀត៕