(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជា ប្រធានអាជ្ញាធរមីន បានចុះអប់រំណែនាំប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នូវគ្រោះថ្នាក់ ដែលបណ្តាលមកពីមីន និងសំណល់ជាតិផ្ទុះបន្សល់ពីសម័យសង្រ្គាម។
ក្នុងជំនួបជាមួយប្រជាពលរដ្ឋរស់នៅភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ លោកទេស រដ្ឋមន្រ្តី សេរី កុសល បានណែនាំប្រជាពលរដ្ឋកុំឲ្យលេង ប៉ះពាល់ កែច្នៃគ្រាប់ និងបានហាមប្រាមមិនឲ្យធ្វើសកម្មភាពភ្ជួររាស់ និងកាប់ឆ្ការព្រៃ នៅក្នុងភូមិសាស្រ្តស្រុកវ៉ារិន ព្រោះដីតំបន់នេះ មិនទាន់បានបោសសំអាតមីនទាំងស្រុងនៅឡើយ។
លោក សេរី កុសលថា «នៅពេលបងប្អូនបានឃើញ ឬសង្ស័យថា មានគ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមបងប្អូនត្រូវរាយការណ៍ជា បន្ទាន់មកអាជ្ញាធរមូលដ្ឋាននៅក្បែរៗបងប្អូនរស់នៅ»។
លោកទេសរដ្ឋមន្រ្តី ក៏បានស្នើដល់កងកម្លាំងប្រដាប់អាវុធ លោកមេឃុំ និងប្រធានភូមិ ឲ្យលើកយកបញ្ហាគ្រោះថ្នាក់មីន និង គ្រាប់សំណល់ ជាតិផ្ទុះពីសង្គ្រាម ជាបញ្ហាអាទិភាពនៅរៀងរាល់ នៃកិច្ចប្រជុំរបស់ខ្លួន។ លោកទេសរដ្ឋមន្ត្រី សេរី កុសល ក៏បានណែនាំឲ្យថ្នាក់ដឹកនាំស៊ីម៉ាក់ បញ្ជូនកងកម្លាំង ទៅធ្វើការបោសសំអាតមីនជាបន្ទាន់ និង ដាក់ផែនការជាអាទិភាពខ្ពស់ នៅក្នុងភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន។
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាព្រឹកមិញនេះ លោកទេសរដ្ឋមន្រ្តី ក៏បានរំលឹកពីការផ្តាំផ្ញើសាកសួរសុខទុក្ខ និងនឹករលឹក របស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកវ៉ារិន។ លោកទេសរដ្ឋមន្រ្តី ក៏បានរំលឹកពីប្រវត្តិ នៃការផ្ទុះសង្រ្គាមរវាងខ្មែរ និងខ្មែរផងដែរ ហើយលោកថា ស្រុកវ៉ារិនជាអតីតតំបន់មូលដ្ឋានសមរភូមិប្រយុទ្ធក្តៅគគុកមួយ ហើយចាំបាច់បោសសំអាតមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម។
អនុប្រធានទី១អាជ្ញាធរមីន លោក សេរី កុសល ក៏បាននាំយកថវិការបស់សម្តេចតេជោ ចែកជូនដល់ប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុកសរុប ៦៥នាក់ ដែលម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០ រៀល សរុបថវិការួមចំនួន ១,៣០០,០០០រៀល។
នៅរសៀលថ្ងៃដដែលនេះ លោកទេសរដ្ឋមន្រ្តី សេរី កុសល ក៏បានបន្តដំណើរសាកសួរសុខទុក្ខ ជនរងគ្រោះដោយសារមីនតោន ឈ្មោះ ស៊ន ដានី អាយុ ៣៤ឆ្នាំ នៅមន្ទីរពេទ្យអេមមឺជែនស៊ី (Emergency) ខេត្តបាត់ដំបង ហើយក៏បានចែកគ្រឿងឧបភោគបរិភោគ ក្នុងនោះមាន៖ មានអង្ករ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកក្រូច ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកសុទ្ធ ១កេស និង ថវិកា ២០០,០០០ រៀលផងដែរ៕