(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកវិភាគនយោបាយ បានបង្ហាញប្រាប់អតីតបុគ្គលិក VOD អំពីសារៈសំខាន់នៃការងាររាជការដែលជាការងារបម្រើជាតិពិតប្រាកដ។

លោកបានលើកឡើងដូច្នេះថា៖ «មិនថាពេលនេះ ឬពេលណាទេ ការងាររាជការតែងតែជាក្តីប្រាថ្នានៃអ្នកសិក្សាភាគច្រើននៃសង្គមខ្មែរយើងរាប់ជំនាន់មកហើយ។ បើបងប្អូនអតីតបុគ្គលិក VOD មិនចាប់យកឱកាសមាសដែលជាការផ្តល់ជូនជាករណីពិសេស នៃប្រមុខរាជរដ្ឋាភិបាលនាពេលនេះទេ នោះបងប្អូននឹងបាត់បង់ឱកាសមាសបែបនេះជារៀងរហូត ហើយសូមកុំទន្ទឹងរង់ចាំការវិលត្រឡប់មកវិញនៃ VOD»

លោក គិន ភា បានបន្តថា ការប្រឡងប្រជែងចូលការងាររាជការ មិនមែនជាការងាយស្រួលទេ ក្នុងមួយឆ្នាំៗ មានបេក្ខជនរាប់ម៉ឺននាក់ដាក់ពាក្យប្រឡងចូលការងាររាជការ តែអ្នកមានវាសនាក៏មិនច្រើនដែរ ដ្បិតចំនួនក្របខណ្ឌដែលរាជរដ្ឋាភិបាលផ្តល់ជូនសម្រាប់ក្រសួង-ស្ថាប័ននីមួយៗ គឺមានកម្រិតណាស់។

«ដូច្នេះ សូមបងប្អូនម្នីម្នារូតរះទៅដាក់ពាក្យសុំចូលបម្រើការងាររាជការក្នុងក្របខណ្ឌស្របតាមសមត្ថភាព ជំនាញវិជ្ជាជីវៈ និងឧបនិស្ស័យការងាររបស់បងប្អូនរៀងៗខ្លួន។ សូមបងប្អូនកុំបណ្ដែតបណ្ដោយឱ្យខកខានពេលវេលារហូតដល់ឱសានវាទចុងក្រោយ ដែលបណ្ដាលឱ្យបាត់បង់ឱកាសមាសដ៏កម្រនេះ។ បើបងប្អូនពិតជាស្រឡាញ់ជាតិ និងពិតជាចង់ជួយជាតិមែន សូមបងប្អូន​រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការងាររាជការ ហើយធ្វើការដោយបេះដូងស្មោះនឹងជាតិយើង»។ នេះបើតាមការបន្ថែមរបស់លោកបណ្ឌិត គិន ភា។

ទោះជាយ៉ាងនេះក្តីលោកក៏បានណែនាំទៅដល់ អតីតបុគ្គលិក VOD មួយចំនួន ដែលមិនមានបំណងចង់ចូលធ្វើការងារមន្ត្រីរាជការ។ លោកថា សម្រាប់បងប្អូនដែលមិនមានបំណងដាក់ពាក្យសុំចូលបម្រើការងាររាជការដែលជាការផ្តល់ជូនរបស់ប្រមុខរាជរដ្ឋាភិបាល ហើយសុខចិត្តទៅធ្វើស្រែឡើងត្នោត ឬដាំស្ពៃនោះ សូមបងប្អូនអញ្ជើញទៅធ្វើខ្លួនឯងចុះ, តែសូមកុំបាច់ផ្លែផ្កា រុញឱ្យខ្លោច រោចឱ្យឆៅ។

លោកបានបន្ថែមទៀតថា កម្ពុជាត្រូវការយើងទាំងអស់គ្នា មានភាពជាពលរដ្ឋល្អ មានសុភវិនិច្ឆ័យ ​ឧត្តមគតិ និងមនសិកាជាតិ ដើម្បីរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសទុកពេលទទួលអតីតបុគ្គលិករបស់ VOD ចូលក្របខណ្ឌរដ្ឋត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈមកដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ មានបុគ្គលិក ៨រូបហើយ បានដាក់ពាក្យចូលបម្រើការងាររដ្ឋ ដែលសម្តេចបានផ្តល់ជូន។

សម្តេចតេជោ បានបញ្ជាក់លើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈ​ពេលឈប់ទទួលពាក្យ​​សុំចូលធ្វើការត្រឹមម៉ោង​ ១៧៖០០នាទីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣»