(ព្រះសីហនុ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារបន្ត ក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនគារ (អ.ស.ហ.) និងលោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយអគ្គនាយករង និងប្រធាននាយកដ្ឋាននៃ ន.ប.ធ.។
កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារឆ្នេរសុខា (Sokha Beach) ខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញពីគ្រប់នាយកដ្ឋាននៃ ន.ប.ធ. អំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ព្រមទាំងមានការពិភាក្សាយ៉ាងផុសផុលក្នុងកម្រិតមន្ត្រី និងថ្នាក់ដឹកនាំរបស់ ន.ប.ធ. លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយ ដែលបានអនុវត្តកន្លងមក និងលើកឡើងនូវវិធីសាស្ត្រ ដើម្បីត្រៀមខ្លួនក្នុងការអនុវត្តការងារនៅឆ្នាំបន្ទាប់ឱ្យកាន់តែប្រសើរ។
លោក សុខ ដារ៉ា បានវាយតម្លៃខ្ពស់ដល់មន្ត្រី និងថ្នាក់ដឹកនាំនៃ ន.ប.ធ. ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបានលទ្ធផលការងារគួរជាទីមោទនភាព៕