(កំពត)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូបង្រៀនខ្មែរឥស្លាម នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជេីញជួបសំណេះសំណាលជាមួយគ្រូបង្រៀនខ្មែរឥស្លាម ចំនួន១៥៩នាក់ មកពីបណ្ដាខេត្ត កំពត តាកែវ កែប ព្រះសីហនុ និងខេត្តកោះកុង។ ពិធីនេះ ធ្វើឡើងនៅភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានរំលឹកថា ក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានផ្ដល់គ្រូបង្រៀនក្របខណ្ឌខ្មែរឥស្លាមចំនួន១,៥០០នាក់ ដែលនេះ គឺជាការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដល់សហគមន៍ឥស្លាម ដែលបញ្ហខ្វះថវិកាផ្គត់ផ្គង់ដល់គ្រូបង្រៀនឥស្លាម ជាកង្វល់ធំមួយ សម្រាប់សហគមន៍ឥស្លាមនាពេលនោះ។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសង្កត់ធ្ងន់ថា «គ្រូបង្រៀនក្របខណ្ឌខ្មែរឥស្លាមគ្រប់រូប ត្រូវដឹងគុណតម្លៃដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឲ្យទាំងអស់គ្នា ដូច្នេះយើងទាំងអស់គ្នា ត្រូវស្រលាញ់គាំទ្រ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តទទួលបានសុខសន្តិភាព ការអភិវឌ្ឍ និងសមិទ្ធផលផ្សេងៗទៀត»។
លោកបន្ថែមថា គ្រូបង្រៀនខ្មែរឥស្លាម គឺជាសកម្មជនរបស់គណៈចលនាសាសនាឥស្លាមកម្ពុជា និងជាជនសកម្មដែលកំពុងធ្វើឲ្យភូមិឃុំ មានសុវត្ថិភាព ដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងច្បាប់ឥស្លាម។
លោកបញ្ជាក់ថា ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពមានន័យថា ពុំមានការសេពគ្រឿងស្រវឹង អំពើលួច ឆក់ ប្លន់ កុំឲ្យមានល្បែងស៊ីសង និងកុំឲ្យមានការជួញដូរគ្រឿងញៀន សុទ្ធសឹកតែមានចែង និងហាមប្រាម នៅក្នុងគម្ពីរអាល់គួរអាន របស់សាសនាឥស្លាម ដូច្នេះគ្រូបង្រៀនខ្មែរឥស្លាម បង្រៀនកូនសិស្សឲ្យចៀសផុតពីប្រការទាំងអស់នេះ។
ជាមួយគ្នានេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានផ្ដាំផ្ញើដល់អង្គពិធីទាំងអស់ឲ្យបន្តសហការ សាមគ្គីគ្នាជាធ្លុងតែមួយ ជាពិសេសត្រូវចេះជួយទុក្ខធុរៈគ្នា ដើម្បីឲ្យវិស័យអប់រំឥស្លាមនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនឡើង និងមានតម្លាភាពក្នុងសហគមន៍៕