(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ប៉េង សម្បតិ្ត អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២ នៅសាលប្រជុំ (ខ) សាលាខេត្តត្បូងឃ្មុំ។
ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី លោកឧកញ៉ា សមាជិកសភាពាណិជ្ជកម្មខេត្ត ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ មន្ទីរជំនាញពាក់ព័ន្ធ និងសមាជិកសភាពាណិជ្ជកម្ម ក្នុងអាណត្តិ ព្រមទាំងបេក្ខជនឈរឈ្មោះជាច្រើនរូប។
ក្នុងឱកាសនោះ លោក ប៉េង សម្បត្តិ បានលើកឡើងដោយសង្ខបអំពីស្ថានភាពរួមរបស់ខេត្តត្បូងឃ្មុំ តាមរយៈនៃការជួយឧបត្ថម្ភគាំទ្រពីថ្នាក់ជាតិ និងការប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ធ្វើអោយខេត្តត្បូងឃ្មុំ ទទួលបានគម្រោងហេដ្ឋារចនាសម័្ពន្ធជាច្រើន ដែលសមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ផលិតភាព លើវិស័យកសិកម្ម ការដាំដុះ ការដឹកជញ្ជូន បម្រើដល់តម្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្រៅពីការវិវត្តន៍ និងការរីកចម្រើនលើវិស័យខាងលើនេះ ចំពោះវិស័យពាណិជ្ជកម្មក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់។
លោកអភិបាលរងខេត្ត បានបន្តថា បច្ចុប្បន្នទូទាំងខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនដែលបានចុះបញ្ជីរួចមានចំនួន១៩៧, សាខាក្រុមហ៊ុនចំនួន៩៣, សហគ្រាសចំនួន២២០, រោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងធំ ចំនួន១៤កន្លែង និងស្ថានីយ៍ប្រេងឥន្ធនៈចំនួន១៧២កន្លែង។
លោក គឹម មាសសុខសីហា បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឲ្យក្រុមអាជីវករ ពាណិជ្ជករ សេវាករ ដែលប្រកបរបរពាណិជ្ជកម្ម នៅក្នុងខេត្តត្បូងឃ្មុំទាំងមូលឲ្យមកចុះឈ្មោះ ដើម្បីឈរឈ្មោះជាសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម ក្នុងការបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម សម្រាប់អាណត្តិ១ លើកទី២ ដែលនឹងប្រព្រឹត្តិ និងដំណើរការនៅពេលខាងមុខ ក្នុងការិយាល័យចុះឈ្មោះ បោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ។
លោកក៏បានជំរុញដល់សភាពាណិជ្ជកម្មខេត្ត សមាជិកសភា និងតួអង្គពាក់ព័ន្ធ (រដ្ឋបាលខេត្ត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ) សូមបន្តជួយផ្សព្វផ្សាយកៀងគរផ្ដល់ព័ត៌មានដល់ពាណិជ្ជករ ឧស្សាហករ សិប្បករ អ្នកផ្ដល់សេវាកម្ម និងអាជីវកម្ម កសិកម្ម ឲ្យមកចុះឈ្មោះ នៅមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដើម្បីឈរឈ្មោះជ្រើសរើសជាសមាជិកសភាពាណិជ្ជកម្មមណ្ឌលខេត្តត្បូងឃ្មុំ ចាប់ពីពេលនេះតទៅ។
លោក គឹម មាសសុខសីហា បានបញ្ជាក់ថា លក្ខណៈសម្បត្តិ ដែលអាចឈរឈ្មោះជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម និងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតសភាពាណិជ្ជកម្មបាន រួមមាន៖
*ទី១៖ បុគ្គលនោះមានមុខរបរជាអាជីវករ ដែលមានលិខិតអនុញ្ញាត ប្រកបអាជីវកម្ម ឬអាជ្ញាប័ណ្ណឬ វិញ្ញាបនបត្រ
*ទី២៖ មានប័ណ្ណប៉ាតង់
*ទី៣៖ ត្រូវមានអាយុ ២៥ឆ្នាំឡើង សម្រាប់បេក្ខជនឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោត និងសម្រាប់អ្នកមកចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរបស់ខ្លួនដែលខ្លួនពេញចិត្ត គឺត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ។ លោកបញ្ជាក់ថា សម្រាប់អ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចាស់ មិនតម្រូវឲ្យមានឯកសារ ឬលក្ខខណ្ឌដូចខាងលើនោះទេ។
ជាលទ្ធផលក្នុងការចាប់ឆ្នោតជម្រុះសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បេក្ខជនសរុបចំនួន៨រូប បានជាប់ឆ្នោតជម្រុះពាក់កណ្តាលសម្រេច ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១៥រូប អាណត្តិទី១ លើកទី១ ដើម្បីបន្តឈរឈ្មោះធ្វើជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២ នាពេលខាងមុខ។ ខណៈដែលសមាសភាពប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តត្បូងឃ្មុំ កាលពីអាណត្តិទី១ លើកទី១ គឺលោកឧកញ៉ា សុខ ហ៊ាង ដែលទទួលបានសម្លេងបោះឆ្នោតទុកចិត្តពីសមាជិកជ្រើសតាំងទាំង១៥រូប ស្មើនឹងសម្លេងគាំទ្រ១៥ លើ១៥៕