(ភ្នំពេញ)៖ គ្រូបង្រៀនក្របខ័ណ្ឌខ្មែរឥស្លាមបានសម្តែងការដឹងគុណ ដល់ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំឥស្លាមកម្ពុជា ដែលបានយកចិត្តទុកដាក់ និងគិតគូរ ក្នុងការផ្តល់ក្របខ័ណ្ឌដល់គ្រូបង្រៀនខ្មែរឥស្លាម នៅទូទាំងប្រទេសប្រមាណជាង១,៥០០នាក់ នៅក្នុងឆ្នាំ២០១៥ ដើម្បីទទួលបានប្រាក់បៀរវត្ស និងអត្ថប្រយោជន៍ផ្សេងៗ។ ខណៈពីមុនមកពួកគាត់ពុំទទួលបានប្រាក់បៀរវត្សប្រចាំខែនោះទេ ដោយទទួលបានការបរិច្ចាកជាប្រាក់ និងអង្ករ ពីឪពុកម្តាយសិស្សបន្តិចបន្តួចប៉ុណ្ណោះ។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនាឱកាស លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាម មកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង ចំនួន១៧៨នាក់ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី ស៊ុប ម៉ារី គ្រូបង្រៀនក្របខ័ណ្ឌខ្មែរឥស្លាម នៅគីឡូម៉្រែតលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានលើកឡើងថា គាត់បានចាប់ផ្តើមធ្វើគ្រូបង្រៀនអស់រយៈពេលជាង១០ឆ្នាំ ហើយបានទទួលក្របខ័ណ្ឌគ្រូបង្រៀនខ្មែរឥស្លាម នៅឆ្នាំ២០១៥។ លោកស្រីបន្តថា គាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលទទួលបានក្របខ័ណ្ឌគ្រូបង្រៀន ព្រោះបានជួយឲ្យជីវភាពគ្រួសារល្អប្រសើរជាងមុនមួយកម្រិត និងអាចផ្គត់ផ្គង់ឲ្យកូនៗទៅសាលារៀនផងដែរ។

លោកស្រីថ្លែងដូច្នេះថា «ជីវភាពពីមុនរៀងលំបាក តែឥឡូវរាងធូធារបន្តិច ព្រោះយើងទទួលបានប្រាក់ខែ រាល់ខែ អត់ដែលដាច់ ទោះបីជាយើងមានលំហែមាតុភាព សម្រាលកូនអីក៏ខាងរដ្ឋជួយ ហើយយើងទៅខាងមន្ទីរពេទ្យអីទៅក៏គេជួយសម្រាលថ្លៃព្យាបាលផងដែរ»។ លោកស្រីបានថ្លែងអំណរអរគុណដល់ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំឥស្លាមកម្ពុជា ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យគ្រូបង្រៀនខ្មែរឥស្លាម ទទួលបានប្រាក់ខែសមរម្យដូចសព្វថ្ងៃ។

ចំណែកលោក តាំ រ៉ាសាត គ្រូបង្រៀនខ្មែរឥស្លាម នៅខណ្ឌឬស្សីកែវដែរនោះ បានលើកឡើងថា គាត់បានបង្រៀនសិស្សតាំងពីឆ្នាំ១៩៩៥ ដោយកាលនោះពិតមានការពិបាកជាខ្លាំង ព្រោះគ្រូបង្រៀនខ្មែរឥស្លាម ពុំទទួលបានប្រាក់ខែនោះទេ គឺមានតែការរៃអង្គាស តាមរយៈឪពុកម្តាយរបស់សិស្សបានបន្តិចបន្តួចតាមលទ្ធភាព មានដូចជា ថវិកា ស្រូវ អង្ករ និងដំឡូងជាដើម មិនដូចសម័យបច្ចុប្បន្ននោះទេ។

លោកបន្តថា បច្ចុប្បន្នលោកពិតជាមានការសប្បាយរីករាយជាខ្លាំងដែលទទួលបានក្របខ័ណ្ឌ ហើយបានទទួលប្រាក់ខែទៀងទាត់ ដែលអាចជួយដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានច្រើនផងដែរ។ លោកបានសម្តែងការដឹងគុណ និងអរគុណ ដល់ប្រមុខរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំខ្មែរឥស្លាមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរ ដល់គ្រូបង្រៀនខ្មែរឥស្លាម។

នាឱកាសនោះលោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា ការទទួលបានក្របខ័ណ្ឌគ្រូបង្រៀនខ្មែរឥស្លាម មិនមែនជាសមិទ្ធផលដែលកើតឡើងដោយខ្លួនឯងនោះទេ តែវាជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងនោះសហគមន៍ឥស្លាម ក៏ជាចំណែកមួយផងដែរ ដែលបានប្ដេជ្ញាសាមគ្គីគ្នាជាធ្លុងមួយ ដើរតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកទឹកឲ្យគ្រូបង្រៀនខ្មែរឥស្លាមទាំងអស់ ត្រូវស្រឡាញ់គាំទ្រ ប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តទទួលបាន សុខសន្តិភាព ការអភិវឌ្ឃ និងសមិទ្ធផលផ្សេងៗទៀត៕