(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយឧត្តមក្រុមប្រឹក្សាសារការីបារាំង តំណាងដោយលោកសារការី Jean Deleage តំណាងឧត្តមក្រុមប្រឹក្សាសារការីបារាំង ប្រចាំតំបន់អាស៉ីអាគ្នេយ៍។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, លោកស្រី Béatrice Balivet ទីប្រឹក្សាអមក្រសួងយុត្តិធម៌ ព្រមទាំងលោក Olivier Gout ព្រឹទ្ធបុរសមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Jean Moulin Lyon 3។

ថ្លែងក្នុងពិធីនេះ លោក កើត រិទ្ធ បានបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀតនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សំដៅជួយឱ្យវិជ្ជាជីវៈសារការីនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង។

លោកបន្តថា តាមរយៈការអនុវត្តអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការថ្មីនេះ, ឧត្តមក្រុមប្រឹក្សាសារការីបារាំងនឹងជួយកម្ពុជាលើការងារសំខាន់ៗ ជាអាទិ៍៖
* ទី១៖ ការជួយរៀបចំនូវក្របខណ្ឌគតិយុត្តដ៏រឹងមាំមួយសម្រាប់ការបង្កើត ការគ្រប់គ្រង និង ការអភិវឌ្ឍវិជ្ជាជីវៈសារការីនៅកម្ពុជាតាមប្រព័ន្ធឡាតាំងផង និងឱ្យសមស្របតាមតម្រូវការជាក់ស្តែងនៃសង្គមកម្ពុជាផង

* ទី២៖ ការបន្តលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់សិស្សសារការី និង សារការីដែលកំពុងប្រកបវិជ្ជាជីវៈ សំដៅលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការប្រកបវិជ្ជាជីវៈសារការីនៅកម្ពុជាឱ្យកាន់តែទទួលបានជំនឿទុកចិត្ត និង ការទទួលស្គាល់កាន់តែទូលំទូលាយពីសាធារណជន

* និងទី៣៖ ការជួយរៀបចំច្បាប់ និង លិខិតបទដ្ឋានគតិយុត្តសម្រាប់ការបង្កើត និង គ្រប់គ្រងវិជ្ជាជីវៈសន្ធានការី ដែលជាវិជ្ជាជីវៈថ្មីមួយសម្រាប់កម្ពុជា។

ជាមួយគ្នានេះ លោកសារការី Jean Deleage បានថ្លែងថា គោលដៅនៃកិច្ចសហប្រតិបត្តិការនេះ មាន ២សំខាន់ៗ រួមមាន ទី១ ការពង្រឹងក្របខណ្ឌគតិយុត្ត និងច្បាប់នៅកម្ពុជា និងទី២ ការពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ចំណុចទាំងនេះ មិនអាចខ្វះបានឡើយ ពីវិស័យសារការីឡើយ។

កិច្ចសហការជាមួយឧត្តមក្រុមប្រឹក្សាសារការីបារាំង បានចាប់ផ្តើមដំបូងកាលពី ២០ឆ្នាំមុន តាមរយៈការរៀបចំសន្និសីទស្តីពីប្រព័ន្ធសារការីឡាតាំង «សារការី កត្តាស្នូលនៃសុវត្ថិភាពគតិយុត្តនៅក្នុងបរិស្ថានសេដ្ឋកិច្ច» កាលពីខែកុម្ភៈ ឆ្នាំ២០០៤ ដែលនេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃវិស័យសារការីនៅកម្ពុជា៕