(កំពង់ចាម)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថិតក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា យើងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំត្រូវបានកត់សម្គាល់ឃើញថា មានការរីកចម្រើនយ៉ាងខ្លាំង ដែលផលិតបានធនធានមនុស្សប្រកបដោយសក្ដានុពល និងសុទ្ធតែមានសមត្ថភាពខ្ពស់។
លោកបណ្ឌិតបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារ១ខ្នង ដែលមាន៤បន្ទប់ ស្ថិតនៅឯសាលាបឋមសិក្សាបណ្ឌិត ស៊ាង ប៊ុនលាង ហ៊ុនប៊ុនធឿន ចុងកោះសូទិន ស្ថិតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោកស្រីអគ្គហាឧបាសិកា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកស្រីឧកញ៉ា ហ៊ាវ លន់, លោក អុល ប៊ុណ្ណា, អាជ្ញាធរមូលដ្ឋាន ជាច្រើននាក់, សិស្សានុសិស្សជាង៥០០នាក់ និងពលរដ្ឋយ៉ាងច្រើនកុះករ។
ស្ថិតក្នុងឱកាសនេះ លោកបណ្ឌិត ស៊ាង ប៊ុនលាង បានថ្លែងទៅកាន់ប្រជាពលរដ្ឋ និងសិស្សានុសិស្សថា វិស័យអប់រំនៅកម្ពុជាកំពុងហក់ឡើងយ៉ាងខ្លាំងប្រកបដោយគុណភាពល្អ ក្នុងនោះសាលារៀនជាច្រើនមានគ្រប់ទិសទី ទូទាំងប្រទេស រីឯសាកលវិទ្យាល័យក៏ឃើញមានការរីកដុះដាលយ៉ាងច្រើនផងដែរ ដែលញ៉ាំងឲ្យមានការផលិតធនធានមនុស្សឲ្យកាន់តែច្រើន និងពេញដោយសមត្ថភាព ប្រកបដោយគុណភាពខ្ពស់ ដើម្បីក្លាយជាសរសរទ្រូងប្រទេសជាតិ។
លោកបណ្ឌិត ស៊ាង ប៊ុនលាង ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ សិក្សាស្រាវជ្រាវឲ្យកាន់តែច្រើនឡើង ដើម្បីក្លាយទៅជាធនធានមនុស្សដែលមានសក្ដានុពល មានបញ្ញាញាណល្អ មានប្រាជ្ញាឈ្លាសវៃ ក្លាយខ្លួនជាក្មេងល្អ កូនល្អ សិស្សល្អ ចៀសវាងនៅរាល់អំពើអបាយមុខផ្សេងៗ។
សូមជម្រាបថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកកោះសូទិន មានការត្រេកអរ និងពេញចិត្តយ៉ាងខ្លាំង ចំពោះលោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រីអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន ដែលបានបង្កើតសាលារៀនដ៏ល្អ នេះឡើង ក្នុងគោលបំណងដើម្បីបណ្ដុះបណ្ដាលនិងបង្រៀនកូនចៅរបស់ពួកគាត់ ឲ្យមានចំណេះដឹង មានសីលធម៌ល្អ ក្លាយជាកូនល្អ ក្មេងល្អ សិស្សល្អ និងឈានទៅដល់ការសិក្សាបន្តទៅមុខទៀត ដើម្បីក្លាយខ្លួនទៅជាមនុស្សដែលមានសមត្ថភាពពេញលេញក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទៅមុខជាលំដាប់៕