(សៀមរាប)៖ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ចាប់ពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់ខេត្តកំពង់ធំ បន្ទាយមានជ័យ និងខេត្តសៀមរាប។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលខេត្ត លោកអភិបាលរងខេត្ត អគ្គលេខាធិការរង គ.ជ.គ.ម. ប្រធាននាយកដ្ឋាន អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជុំវិញខេត្ត។ តាមរយៈកិច្ចប្រជុំនេះ អភិបាលខេត្ត និងអភិបាលរងខេត្ត បានធ្វើរបាយការណ៍អំពីផលប៉ះពាល់ និងខូចខាតដោយគ្រោះមហន្តរាយក្នុងឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ សម្រាប់ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អនុវត្តន៍។

ក្នុងឱកាសនោះដែរ អភិបាលខេត្ត និងអភិបាលរងខេត្ត ក៏បានលើកឡើងថាការងារប្រមូលផលស្ដារឡើងវិញ ក្រោយពីបានទទួលស្រូវពូជសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាលពីខែតុលា ឆ្នាំ២០២២កន្លងមក បងប្អូនប្រជាកសិករបានទទួលទិន្នផលខ្ពស់ ហើយស្រូវក៏មានតម្លៃថ្លៃផងដែរ។ បងប្អូនប្រជាកសិករបានសម្តែងនូវភាពសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយប្រជាកសិករ។

លោក ឡាំ ហេងហួត បានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងសកម្មសម្រេចបានជោគជ័យ ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ដោយសហការយ៉ាងល្អជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

បន្ថែមពីនោះ លោក ឡាំ ហេងហួត បានលើកឡើងពីបទពិសោធន៍ល្អៗនៃការត្រៀមរៀបចំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកន្លងមក ប៉ុន្តែនៅតែមានចំណុចខ្វះខាតមួយចំនួន ដូចនេះហើយលោកបានដាក់ចេញនៅគោលការណ៍ណែនាំសំខាន់ៗ ៦ចំណុចដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងនោះមានដូចជា៖

ទី១៖ ជំរុញការរៀបចំធ្វើបច្ចុប្បន្នភាពសមាសភាព និងរចនាសម្ព័ន្ធគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់,

ទី២៖ ធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្ដល់ដំណឹងជាមុន ១២៩៤ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ទី៣៖ ជំរុញឱ្យមានការធ្វើបច្ចុប្បន្នភាពសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ប្រចាំឆ្នាំឱ្យបានរួចរាល់ត្រឹមខែឧសភា រៀងរាល់ឆ្នាំ

ទី៤៖ ពិនិត្យ និងអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារដែលមានចែងក្នុងសៀវភៅផែនការត្រៀមបម្រុងថ្នាក់ជាតិ និងថ្នាក់ខេត្ត

ទី៥៖ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវរៀបចំនូវទីទួលសុវត្ថិភាពឱ្យបានសមស្រប ដើម្បីត្រៀមក្នុងការជម្លៀសប្រជាជនរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយជាយថាហេតុកើតឡើង

និងទី៦៖ ស្នើឱ្យមានការិយាល័យទទួលបន្ទុកការងារគ្រប់គ្រងផគ្រោះមហន្តរាយ ដែលមានមន្រ្តីទទួលខុសត្រូវច្បាស់លាស់លើការងារប្រតិបត្តិទូទៅ និងគ្រប់គ្រងព័ត៌មាន ស្ថិតនៅក្រោមលេខាធិការដ្ឋានអចិន្រ្តៃយ៍ និងអភិបាលរងទទួលបន្ទុកគ្រោះមហន្តរាយ។

ទន្ទឹមនោះដែរ លោក ឡាំ ហេងហួត បានលើកទឹកចិត្តដល់បណ្ដាអង្គការដៃគូ ដែលអនុវត្តន៍នូវការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងខេត្តបន្តនូវកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ខេត្តដើម្បីលើកកម្ពស់នូវការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅក្នុងខេត្តឱ្យកាន់តែល្អប្រសើរ។ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខេត្តដែលបានដាក់បញ្ចូលវិស័យឯកជនជាដៃគូដ៏សំខាន់ ក្នុងការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅក្នុងខេត្តផងដែរ។

លោក ឡាំ ហេងហួត បានបញ្ជាក់បន្ថែមពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. និងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត តាមរយៈកិច្ចប្រជុំទៀងទាត់ ដើម្បីចែករំលែក និងដោះស្រាយបញ្ហាប្រឈមនានារួមគ្នា ដែលដឹកនាំដោយអគ្គលេខាធិការ គ.ជ.គ.ម.៕