(កោះកុង)៖ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរចំនួន៤ និងនាយករដ្ឋបាលស្រុក។

អភិបាលរងស្រុកថ្មី និងនាយករដ្ឋបាលទើបប្រកាសចូលកាន់តំណែងទាំង៥រូបរួមមាន៖ លោក ខេង គង់, លោក ពេជ្រ សិលា, លោក តុង យ៉ាវ, លោក ខេង សំខាន់ និងលោក នៅ វុទ្ធី ជានាយករដ្ឋបាលថ្មី។

លោក ស្រេង ហុង អភិបាលរងខេត្ត បានផ្តាំអភិបាលរងស្រុក និងនាយករដ្ឋបាល ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវខិតខំបំពេញកាតព្វកិច្ចតួនាតីរបស់ខ្លួន ដើម្បីបំរើប្រទេសជាតិ បម្រើប្រជាពលរដ្ឋ និងការអភិវត្តន៍ក្នុងមូលដ្ឋាន ជាពិសេសផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យទូលំទូលាយឲ្យស្របទៅតាមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អភិបាលរងកោះកុង បានថ្លែងបន្តថា «ប្រទេសមានសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ ប្រជាពលរដ្ឋមានជីវភាពធូរធា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលះបង់គ្រប់បែបយ៉ាងដើម្បីការពារសន្តិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ សម្តេចតេជោស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នការបក្សនយោបាយណាមួយឡើយ»

លោក ខេង គង់ អភិបាលរងស្រុកទើបតែងតាំងថ្មី តំណាងអភិបាលរងស្រុក បានប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះ លោកនឹងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ស្មោះត្រង់ដាច់ខាតជាមួយជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមថែរក្សាការពារសន្តិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យបានល្អ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងសាលាខេត្ត។

លោកណែនាំឲ្យមន្រ្តីទាំងនេះ ត្រូវថែរក្សាសាមគ្គីភាពទៅក្នុងអង្គភាពឲ្យបានល្អប្រសើរ ជាមួយក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងដែនសមត្ថកិច្ចស្រុក និងពង្រីកកិច្ចសហការល្អជាមួយរដ្ឋបាលខេត្តរដ្ឋបាលក្រុងស្រុកផ្សេងៗទៀត មន្ទីរអង្គភាព អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍នានា និងក្រុមប្រឹក្សាឃុំ ក្នុងការបំពេញភារកិច្ចសំដៅលើកម្ពស់ការផ្ដល់ សេវាសាធារណៈឲ្យបានល្អប្រសើរ៕