(ភ្នំពេញ)៖ តបតាមការស្នើសុំពីសាកលវិទ្យាល័យជូអូ (Chuo University) នៃប្រទេសជប៉ុន លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានចាត់លោក តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ និងសហការី ទទួលជួបនិស្សិតជនជាតិជប៉ុនមួយក្រុម ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ TOMITA Maki អញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ស្វែងយល់អំពីស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ នាអគារស វិមានរដ្ឋចំការមន នៅរសៀថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
នាឱកាសនោះដែរ លោក តាំង រតនា បានទទួល និងធ្វើបទបង្ហាញជូនដល់គណៈប្រតិភូនិស្សិតនៃសាកលវិទ្យាល័យនេះ អំពីប្រវត្តិ, សមត្ថកិច្ច, រចនាសម្ព័ន្ធ និងសមាសភាពរបស់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងអំពី ចំណេះដឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនៅក្រុមប្រឹក្សាធម្មនុញ្ញ, លោកស្រីសាស្ត្រាចារ្យ TOMITA Maki បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូនិស្សិត នៃសាកលវិទ្យាល័យជូអូ (Chuo University) បានមកទស្សនា និងទទួលបានចំណេះដឹងល្អៗ ពីក្រុមប្រឹក្សាធម្មនុញ្ញ៕