(កំពង់ចាម)៖ លោក ឡេង តុង និងលោក យី កន្និដ្ឋា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំផ្អាវ តំណាងលោក ហេង សួរ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំផ្អាវ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីសង្រ្គោះបឋម ដល់សិស្សានុសិស្សចំនួន២៧០នាក់ នៅវិទ្យាល័យ ហោ ណាំហុង ព្រៃញា ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកបាធាយ លោកមេឃុំផ្អាវ ក្រុមប្រឹក្សាឃុំ លោកនាយកសាលា លោកប្រធានយុវជនឃុំផ្អាវ លោក លោកស្រី សមាជិក សមាជិកក្រុមការងារចុះជួយឃុំផ្អាវ លោក លោកស្រីនាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ។
ក្នុងឱកាសនោះ លោក ឡេង តុង បានបញ្ជាក់អំពីគោលបំណង និងអត្ថប្រយោជន៍ នៃវគ្គបណ្តុះបណ្តាលស្តីពីសង្រ្គោះបឋមនេះថា អ្នកចូលរួម អាចយល់ដឹងពីជំនាញនៃការសង្គ្រោះបឋម, ធ្វើការសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រណាដែលចាំបាច់ តាមស្ថានភាពសង្គ្រោះបន្ទាន់នីមួយៗ, អាចអនុវត្តសកម្មភាពសង្គ្រោះបឋមបានត្រឹមត្រូវ និងទាន់ពេលវេលា នៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ដែលកើតមានឡើងដោយជាយថាហេតុ, គ្រប់គ្រងស្ថានភាពគ្រោះថ្នាក់បានល្អ ដោយមិនបង្កផលវិបាកបន្ថែមដល់ជនរងគ្រោះ និងអ្នកនៅជុំវិញផ្សេងទៀត និងមានសមត្ថភាពអាចចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃផ្សេងទៀត។
ជាមួយគ្នានោះដែរ លោក ឡេង តុង និងលោក យី កន្និដ្ឋា ក៏បានផ្ញើការសួរសុខទុក្ខពី លោក ហេង សួរ និងបានផ្តាំផ្ញើរដល់សិស្សថ្នាក់ទី១២ ទាំងអស់ឱ្យនឹកដល់ពាក្យ អរគុណសន្តិភាព ដោយសារសន្តិភាព ទើបក្មួយៗទាំងអស់គ្នា មានឱកាសបានសិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹង ដើម្បីជួយសង្គម ជាពិសេសគឺជួយខ្លួនឯង និងគ្រួសារយើងផ្ទាល់តែម្តង។ ទន្ទឹមនេះ លោកអនុប្រធានក្រុមការងារ បានអរគុណដល់លោកនាយក លោកគ្រូអ្នកគ្រូ ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងការអប់រំដល់ក្មួយៗ និងអរគុណដល់ក្មួយៗ ដែលបានយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងប្រទេសជាតិ និងជូនពរ ឱ្យប្រឡងជាប់និទ្ទេសល្អគ្រប់ៗគ្នា៕