(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី វិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី (ការបោះឆ្នោតឡើងវិញ) ឆ្នាំ២០២៣។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយ ក្រោមប្រធានបទស្តីពី៖
*វិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់
*វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
*ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប
*ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬប្តឹងជំទាស់លើបញ្ជីបោះឆ្នោតដំបូង។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃពុធទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាពលោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ៕