(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី យុតសាណា វ៉ាម៉ា នាយិកា ADB នាអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ក្នុងឱកាសនោះ លោក កើត រិទ្ធ បានលើកឡើងថា MoU មួយនេះ ធ្វើឡើងក្នុងក្របខណ្ឌ ជំនួយគាំទ្របច្ចេកទេស សម្រាប់ការពង្រឹងសមត្ថភាពតុលាការឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅអាស៉ី និងប៉ាស៉ីហ្វិក។ លោកបន្តថា MoU នេះដែរ បង្ហាញអំពីការគាំទ្រពី ADB លើការរៀបចំដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា សំដៅធ្វើយ៉ាងណាឲ្យតុលាការមួយនេះ មានដំណើរការប្រព្រឹត្តទៅដោយតម្លាភាព ប្រសិទ្ធភាព និងមានជំនឿទុកចិត្តពីអ្នកវិនិយោគ ស្របតាមគោលបំណង និងចក្ខុវិស័យរបស់ក្រសួងយុត្តិធម៌។

តាមរយៈ MoU នេះដែរ, ADB នឹងជួយកម្ពុជា ៣ចំណុច រួមមាន៖

១៖ ការរៀបចំក្របខណ្ឌគតិយុត្ត និងនីតិវិធី ដើម្បីធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព នៃតុលាការពាណិជ្ជកម្ម

២៖ ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងចែករំលែកបទពិសោធន៍ដល់ចៅក្រម ពាក់ព័ន្ធនឹងដំណើរការ នៃតុលាការពាណិជ្ជកម្ម នៅតាមបណ្តាប្រទេសផ្សេងៗ

៣៖ ការសហការជាមួយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដើម្បីជួយបណ្តុះបណ្តាលដល់ចៅក្រម ពាក់ព័ន្ធនឹងច្បាប់ និងនីតិវិធីក្នុងវិស័យពាណិជ្ជកម្ម។

«កន្លងមក ខ្ញុំធ្លាប់បានណែនាំដល់ក្រុមការងារក្រសួងយុត្តិធម៌ថា ដរាបណាតុលាការពាណិជ្ជកម្មនេះ មិនអាចធានាបាននូវតម្លាភាព គុណភាព និងភាពត្រឹមត្រូវទេនោះ ខ្ញុំសុខចិត្តមិនដាក់ឲ្យដំណើរការតុលារការពាណិជ្ជកម្មនេះតែម្តង»។ នេះជាការអះអាងរបស់លោករដ្ឋមន្ត្រី។

លោកស្រី យុតសាណា វ៉ាម៉ា បានថ្លែងថា លោកស្រីមានកិត្តិយស ដែលអាចក្លាយជាផ្នែកមួយក្នុងការគាំទ្រកម្ពុជា ឲ្យមានតុលាការពាណិជ្ជកម្មកម្ពុជា និងជាផ្នែកមួយ ធ្វើឲ្យតុលាការនេះ ដំណើរការប្រព្រឹត្តទៅដោយតម្លាភាព ប្រសិទ្ធភាព និងមានជំនឿទុកចិត្តពីអ្នកវិនិយោគ។ លោកស្រី មានជំនឿថា តុលាការពាណិជ្ជកម្មនៅកម្ពុជា នឹងជួយទាក់ទាញអ្នកវិនិយោគ ឲ្យមកបោះទុននៅកម្ពុជាបន្ថែមទៀត។

សូមរំលឹកថា លោក កើត រិទ្ធ បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម តាមរយៈលិខិតលេខ ០៣ កយ.សសរ/២១ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

គណៈកម្មការនេះដឹកនាំដោយលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានតួនាទីជាអាទិ៍ រួមមាន ការរៀបចំរាល់លិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនៅតាមសាលាជម្រះក្តីជាន់ទាប និងសភាពាណិជ្ជកម្មរបស់សាលាជម្រះក្តីជាន់ខ្ពស់, សិក្សា និងការរៀបចំទីតាំងសម្រាប់តុលាការពាណិជ្ជកម្ម, ការរៀបចំបទប្បញ្ញត្តិស្តីពីនីតិវិធីពាណិជ្ជកម្ម និងកំណត់ប្រភេទវិវាទពាណិជ្ជកម្ម។

ក្រសួងយុត្តិធម៌ និងដៃគូពាក់ព័ន្ធ កំពុងតែមមាញឹកក្នុងការរៀបដំណើរការ និងនីតិវិធីផ្សេងៗមួយចំនួន មុនឈានទៅដាក់ឲ្យដំណើរ​ការជាផ្លូវការនៃ តុលាការពាណិជ្ជកម្ម ដែលដោះស្រាយតែវិវាទក្នុងរឿងពាណិជ្ជកម្មប៉ុណ្ណោះ។ លោក ជីវ សុងហាក់ ធ្លាប់បានលើកឡើងថា អ្វីដែលជាការរំពឹងទុកនោះ ក្រសួងយុត្តិធម៌ អាចនឹងដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម នៅក្នុងអំឡុងឆ្នាំ២០២៣ខាងមុខនេះ៕