(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះលោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ម ស្រ៊ីមវណ្ណា អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទៅជួបសម្របសម្រួលជាមួយមន្រ្តី នគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីបញ្ចប់ការខ្វែងគំនិតគ្នា នៅក្នុងរឿងចាប់ផាកពិន័យរថយន្ត របស់លោកឧត្តមសេនីយ៍។
ការជួបមុខគ្នាផ្ទាល់នៅរសៀលថ្ងៃនេះ ក្រោមការសម្របសម្រួលពីលោក ដួង តារា ជំនួយការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីមានគោលការណ៏ណែនាំពីសម្ដេចតេជោ ហ៊ុន សែន។ នៅរសៀលថ្ងៃដដែលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍។ អនុក្រឹត្យនោះក៏បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ត្រូវឲ្យចូលបម្រើការងារនៅ ក្រសួងមហាផ្ទៃវិញ។
សូមជំរាបថា ការសម្រេចដកតួនាទី ឧត្តមសេនីយ៍ផ្កាយ៣មួយរូបនោះ ធ្វើឡើងបន្ទាប់មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ បានសុំកិច្ចអន្ដរាគមន៍ ពីសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយសារតែអង្គភាពរបស់ខ្លួនដកបញ្ឈជើង ក្រោយពីមន្ដ្រីនគរបាលចរាចរណ៍ រូបនេះ បានផាកពិន័យរថយន្ដ ដែលបើកបរមិនគោរពភ្លើងសញ្ញា ប៉ះចំរថយន្ដលោឧត្តមសេនីយ៍ពាក់ផ្កាយ៣ម្នាក់ ដែលត្រូវគេទម្លាយថា គឺលោក ម៉ម ស្រ៊ីមវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមគណនីយ Facebook មួយឈ្មោះ សុវណ្ណ រីហ្គេន ដែលបានបង្ហោះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ។
ក្នុងគណនី Facebook នោះបានបញ្ជាក់ថា «ខ្ញុំបាទឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ ជាមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញ នៅថ្ងៃទី២៧ ខ្ញុំបានឃាត់ឡានមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AA-9562 ដែលបើកបរមិនគោរពភ្លើងសញ្ញាហើយថែមទាំង មិនទទួលខុសត្រូវ និយាយមិនសមរម្យ មកលើខ្ញុំបាទ ដោយបាននិយាយប្រាប់ខ្ញុំថា ខ្លួនជាឧត្តមសេនីយ៍ហែ្អងអត់ស្គាល់អញទេឥឡូវខ្ញុំ ត្រូវបានអង្គភាពដកបញ្ឈរជើង»៕