(ឥណ្ឌា)៖ គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានចូលរួមពិព័រណ៍អាកាសឥណ្ឌា លើកទី១៤ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌ (14th edition of Aero India 2023) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង​បឹងហ្គាលូរូ ខេត្តកាណាតាកា (Karnataka)។

គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ តំណាងសម្តេចពីជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការអបដំណើរពីលោកឧត្តមនាវីឯក គង់ មុនី, លោក មីន មករា ព្រមទាំងគណៈប្រតិភូ៣រូបទៀត។

កម្មវិធីតាំងពិព័រណ៍អាកាសឥណ្ឌាលើកទី១៤ ឆ្នាំ២០២៣ បានចាប់ផ្ដើម ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីឥណ្ឌា លោក នរិន្ទត្រា ម៉ូឌី និងមានការចូលរួមពីគណៈប្រតិភូអន្តរជាតិផ្សេងៗទៀត សរុបចំនួន ៩៨ប្រទេស និងស្ថាប័នការពារជាតិចំនួន៨០០ ទាំងក្រុមហ៊ុនបរទេសប្រហែល១០០ និងក្រុមហ៊ុនឥណ្ឌាចំនួន៧០០ ក្រុមហ៊ុនបានចូលរួមផ្ទាល់។

នាឱកាសឱកាសអញ្ជើញចូលរួមតាំងពិព័រណ៍អាកាសឥណ្ឌាលើកទី១៤ នេះ នាយឧត្តមសេនីយ៍ យន្ត មីន និងគណៈប្រតិភូកម្ពុជា បានជួបសវនាការជាមួយលោក Shri Giridha Aramane អគ្គលេខាធិការ តំណាងលោក រចនា ស៉ីង (Rajnath Singh) រដ្ឋមន្ត្រីការពារជាតិឥណ្ឌា។

ក្នុងនាមតំណាង រដ្ឋមន្ត្រីការពារជាតិឥតណ្ឌា លោក Shri Giridha Aramane បានបញ្ជាក់ថា៖ «ឥណ្ឌាសន្យានឹងជួយគាំទ្រវិស័យការពារជាតិកម្ពុជា ជាពិសេសគឺខាងចាប់សញ្ញាពីចម្ងាយ (រ៉ាដា) បើមានតម្រូវការអាចស្នើមកខាងឥណ្ឌាបាន»

លោក Shri Giridha Aramane បានពាំនាំការផ្តាំផ្ញើអរគុណរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា ជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅខេត្តសៀមរាប រវាងអាស៊ាន និងឥណ្ឌា បានយ៉ាងល្អបំផុត។

បន្ថែមពីនេះ លោកបានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

លោក Shri Giridha Aramane បានថ្លែងថា ក្នុងនាមរដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏បានស្នើមកកម្ពុជា ជួយបន្តគាំទ្រឥណ្ឌា ចូលជាសមាជិកអចិន្ត្រៃយ៍អង្គការសហប្រជាជាតិផងដែរ។

ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់, នាយឧត្តមសេនីយ៍ យន្ត មីន បានស្នើឱ្យឥណ្ឌាបន្តផ្តល់អាហារូបករណ៍ និងបច្ចេកទេសផ្សេងៗ ជាពិសេសពាក់ព័ន្ធវិស័យការពារជាតិដល់កម្ពុជា។

នាឱកាសនោះ នាយឧត្តមសេនីយ៍ យន្ត មីន បានជួបធ្វើការសវនាការជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌា ដោយលោកបានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលកន្លងមកបានធ្វើកិច្ចសហប្រតិការល្អជាមួយក្រសួងការពារជាតិកម្ពុជា និងបានថ្លែងអំណរគុណដល់ឥណ្ឌាដែលបានជួយដល់ការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ផងដែរ។

ព័រណ៍អាកាសឥណ្ឌា លើកទី១៤នេះ បានប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោក នរិន្ទត្រា ម៉ូឌី ដោយមានការបង្ហាញនូវយន្តហោះចំបាំង យន្តហោះដឹកជញ្ជូន យន្តហោះផ្សេងៗទៀតជាច្រើន និងរ៉ាដា សព្វាវុធបាញ់យន្តហោះ ព្រមទាំងមានការតាំងនូវយន្តហោះ Rafale របស់បារាំង F35 របស់អាមេរិក និងយន្តហោះដឹកជញ្ជូនអាមេរិក C-130 Hercules។

បន្ទាប់មកមានការសម្តែងដោយនាវិកជំនាញព្រមទាំងមានការបង្ហាញអំពីយន្តហោះ LCH Prachard ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងខែតុលាឆ្នាំមុន គឺជាការទាក់ទាញដ៏សំខាន់មួយនៅក្នុងកម្មវិធី Aac India 22។ ឧទ្ធម្ភាគចក្រ Lol Prichand មានសមត្ថភាពចុះចត និងហោះឡើងក្នុងកម្ពស់ ៥,០០០ម៉ែត្រ (16,400ហ្វីត) ដែលធ្វើឱ្យវាក្លាយជាឧទ្ធម្ភាគចក្រវាយលុកមួយក្នុងចំណោមឧទ្ធម្ភាគចក្រវាយលុកផ្សេងទៀតនៅលើពិភពលោក ដែលស័ក្ដិសមសម្រាប់ប្រើប្រាស់នៅក្នុងតំបន់ដែលមានកម្ពស់ខ្ពស់នៃតំបន់ភ្នំ និងពីបន់ឡើងទឹកកកុះ៕