(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានរៀបចំបង្កើតកម្មវិធី EAC App សម្រាប់ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ នៅក្នុងតំបន់អ្នកផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន អាចធ្វើបានតាមប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធទូរស័ព្ទដៃ ខណៈដំណាក់កាលទី១ បានរៀបចំរួចរាល់គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីដើមខែមីនា ឆ្នាំ២០២៣។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការរៀបចំបង្កើតកម្មវិធី EAC App នេះ មាន២ដំណាក់កាលដែលដំណាក់កាលទី១៖ អាចឱ្យអ្នកប្រើប្រាស់ពិនិត្យមើលព័ត៌មានលើវិក្កយបត្រអគ្គិសនី អត្តសញ្ញាណអ្នកប្រើប្រាស់ប្រវត្តិនៃការប្រើប្រាស់ ចំនួនអគ្គិសនីប្រើប្រាស់ទូទាត់ថ្លៃអគ្គិសនី ទទួលវិក្កយបត្រអគ្គិសនី ព្រមទាំងអាចទទួលបានព័ត៌មាន ឬសេចក្តីជូនដំណឹងពីស្ថានភាពនៃការផ្គត់ផ្គង់អគ្គិសនី (ដាច់ចរន្ត ផ្អាកការផ្គត់ផ្គង់...) នៅក្នុងតំបន់របស់ខ្លួន។ល។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ដំណាក់កាលទី១នៃកម្មវិធីនេះ បានរៀបចំរួចរាល់ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីដើមខែមីនា ឆ្នាំ២០២៣នេះតទៅ។ ដោយឡែកដំណាក់កាលទី២៖ អាចឱ្យអ្នកប្រើប្រាស់ស្នើសុំភ្ជាប់ចរន្តថ្មីស្នើសុំដំឡើងកម្លាំងប្រើប្រាស់ កែសម្រួលអត្តសញ្ញាណអ្នកប្រើប្រាស់។ល។ ក្នុងឆ្នាំ២០២៣។ ដំណាក់កាលទី២ នៃកម្មវិធីនេះ គ្រោងនឹងចាប់ផ្តើមរៀបចំបន្ទាប់ពីកម្មវិធីដំណាក់កាលទី១ បានដាក់ឱ្យប្រើប្រាស់រួច ដែលអាចនឹងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤»

បន្ថែមពីនេះ លោក យឹម វិសិដ្ឋ បានបញ្ជាក់ថា ម្យ៉ាងវិញទៀត អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងរៀបចំអភិវឌ្ឍលើគម្រោង «វិក្កយបត្រអគ្គិសនីឌីជីថល (Digital Bills)» ដោយសហការជាមួយអគ្គិសនីកម្ពុជា (EDC) សម្រាប់សមាហរណកម្មទិន្នន័យ ផ្ទេរទិន្នន័យទៅមក និងបញ្ជូនវិក្កយបត្រអគ្គិសនីដោយស្វ័យប្រវត្តិ។ សម្រាប់ការបញ្ចូនវិក្កយបត្រអគ្គិសនី គឺនឹងជួយសម្រួលការបញ្ចូនវិក្កយបត្រអគ្គិសនីដោយស្វ័យប្រវត្តិពីអគ្គិសនីកម្ពុជា ទៅឱ្យអ្នកកាន់អាជ្ញាបណ្ណឯកជន និងពីអ្នកកាន់អាជ្ញាបណ្ណឯកជន ទៅអ្នកកាន់អាជ្ញាបណ្ណឯកជនដូចគ្នា។

«កម្មវិធីនេះគ្រោងនឹងរៀបចំឆាប់ៗនេះ ហើយគិតថាអាចនឹងដឹកឱ្យអនុវត្តបាននៅអំឡុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងពិធីបើកមហាសន្និបាតបូកសរុបការបញ្ចប់ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តន៍សម្រាប់ឆ្នាំ២០២៣ របស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាមួយនឹងការរៀបចំបង្កើតកម្មវិធី EAC App នេះ ក្នុងនាមលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក ទី នរិន្ទ បានអំពាវនាវឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា រៀបចំដំណើរការកម្មវិធីនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងនប្រសិនបើមានលទ្ធភាព សូមឱ្យប្រព័ន្ធរបស់អាជ្ញាធរអគ្គិសនីកម្ពុជា និងប្រព័ន្ធរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ចូលគ្នាទៅជាប្រព័ន្ធរួមតែមួយដែលអាចគ្រប់គ្រងទូទាំងប្រទេសបានតែម្តង៕