(មណ្ឌលគីរី)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចប្រទះឃើញឈើជាច្រើនម៉ែត្រគូប រថយន្តបាកុង២គ្រឿង និងម៉ូតូ១គ្រឿង ក្នុងទីតាំងស្ដុកខុសច្បាប់មួយកន្លែងនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចឱ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងថ្នាក់ខណ្ឌ ដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ បានចុះបង្ក្រាបឈើជាច្រើនម៉ែត្រគូប រថយន្តបាកុងចំនួន២គ្រឿង និងម៉ូតូមួយគ្រឿង រួមទាំងរោងតង់ប្រមាណ៤ ស្ថិតក្នុងភូមិមេប៉ៃ ភូមិពូជ្រៃ ស្រុកពេជ្រាតា។ តាមសេចក្ដីរាយការណ៍ថា ពេលសមត្ថកិច្ចទៅដល់ភ្លាម ក្រុមជនល្មើសបានរត់ចែកជើងគ្នាអស់បន្សល់ទុកតែវត្ថុតាង។
ក្រុមមន្ត្រីជំនាញបានសន្និដ្ឋានថា ដោយទីតាំងមានអំណោយផល ក្រុមឧក្រិដ្ឋជនព្រៃឈើ បានលបលួចធ្វើសកម្មភាពកាប់ឈើ និងដឹកចេញជាយូរមកហើយ។ ក្រោយការត្រួតពិនិត្យវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកទៅ រក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដើម្បីបន្តចាត់ការតាមនីតិវិធី៕