(សៀមរាប)៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានប្រកាសថា នៅក្នុងឆ្នាំនេះ ឆ្នេរកោងកាង និងព្រែកធម្មជាតិដែលស្ថិតក្នុងតំបន់ឆ្នេរសមុទ្រក៏ត្រូវចូលរួមការប្រឡងប្រណាំងផងដែរ។

ការប្រកាសនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ សិក្ខាសាលានេះធ្វើឡើងចំនួន៣លើកផ្សេងគ្នា គឺលើកទី១ នៅថ្ងៃទី៦ ខែកុម្ភៈ នៅសាលាខេត្តកោះកុង, លើកទី២ នៅថ្ងៃទី១០ ខែកុម្ភៈ នៅសាលាខេត្តព្រះសីហនុ, និងលើកទី៣ ថ្ងៃទី១៧ ខែកុម្ភៈ នៅសាលាខេត្តកែប ក្រោមអធិបតីភាពលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការរង គ.អ.ឆ.ក. និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ស្នងការដ្ឋាននគបាលខេត្ត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង-ស្រុកដែលមានឆ្នេរ និងព្រែកក្នុងភូមិសាស្រ្តតំបន់ឆ្នេរ និងប្រតិបត្តិករទេសចរណ៍។

សិក្ខាសាលាទាំងបីលើកគឺបានធ្វើការផ្សព្វផ្សាយចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ ដែលជាយន្តការអចិន្ត្រៃយ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងបួន ក៏ដូចជាអាជ្ញាធរមូលដ្ឋានភាគីពាក់ព័ន្ធទាំងអស់ក្នុងការបង្កើនសម្មភាពក្នុងការគ្រប់គ្រងកែលម្អឆ្នេរខ្សាច់ និងព្រែកកម្សាន្តតាមមូលដ្ឋានរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ដោយមានការចូលរួមទទួលខុសត្រូវលើគ្រប់ទិដ្ឋភាព ដូចជាទិដ្ឋភាពទេសចរណ៍ បរិស្ថាន រៀបចំដែនដី និងនគរូបនីយកម្ម ក៏ដូចជាទិដ្ឋភាពនៃការគ្រប់គ្រងសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ដើម្បីធានាបានថាតំបន់ឆ្នេរខ្សាច់ឆ្នេរកោងកាង និងព្រែកកម្សាន្តទាំងអស់ជាគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញ។

ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រមានឆ្នេរខ្សាច់ និងឆ្នេរកោងកាងស្អាតៗ រួមទាំងព្រែកធម្មជាតិជាច្រើន ដែលមានសក្តានុពលខ្ពស់អាចរៀបចំកែលម្អដើម្បីចូលរួមក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣បាន។

ដោយមើលឃើញពីកាលានុវត្តភាពទាំងនេះ លោករដ្ឋលេខាធិការ នី ផល្លី បានស្នើនិងជំរុញដល់រដ្ឋបាលខេត្តតំបន់ឆ្នេរសមុទ្រ រៀបចំដាក់បញ្ចូលឆ្នេរនិងព្រែកបេក្ខភាពឲ្យបានច្រើនក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាត ឆ្នាំ២០២៣នេះ ដោយចាប់ផ្តើមរៀបចំ និងកែលម្អឆ្នេរនិងព្រែកទាំងនោះអោយស្របតាមស្តង់ដាបច្ចេកទេស ពិសេសគោលការណ៍ណែនាំស្តីការគ្រប់ឆ្នេរខ្សាច់កម្សាន្ត ដើម្បីឆ្ពោះទៅទទួលបានជ័យលាភីនាពេលខាងមុខ។

យន្តការប្រឡងប្រណាំងខាងលើនេះទទួលបានការសាទរ និងគាំទ្រពីរដ្ឋបាលខេត្តតំបន់ឆ្នេរទាំងបួន ដែលនឹងជួយជំរុញដល់ការរៀបចំកែលម្អឆ្នេរខ្សាច់ ឆ្នេរកោងកាង និងព្រែកទាំំងអស់នោះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកសម្រាកកម្សាន្ត។

លោករដ្ឋលេខាធិការមានសុទិដ្ឋិនិយមផងដែរថា ផលិតផលរមណីយដ្ឋានទេសចរណ៍ឆ្នេរនិងព្រែកថ្មីៗដែលនឹងត្រូវបង្កើតឡើងតាមរយៈយន្តការប្រឡងប្រណាំងនេះ នឹងគាំទ្រដល់រដ្ឋបាលខេត្ត តំបន់ឆ្នេរ សម្រាប់ការត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំខ្សែទស្សនកិច្ចទេសចរណ៍ភាគខាងត្បូងរបស់អាស៊ាន ASEAN (Southern Tourism Corridor) ដែលតភ្ជាប់ពីប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសវៀតណាម៕