(ព្រះសីហនុ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច។

សិក្ខាសាលានេះធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីលោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ដព្រះសីហនុ។

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ច្រាបការយល់ដឹងបន្ថែមឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត ថាអ្វីជាបរធនបាលកិច្ច? បរធនបាលកិច្ចមានយន្តការនិងប្រតិបត្តិការដូចម្តេច? ធ្វើដូចម្តេចទើបការបង្កើត និងចុះបញ្ជីបរធនបាលកិច្ចមានភាពត្រឹមត្រូវ និងមានអនុលោមភាពតាមច្បាប់? សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏បានរំលេចផងដែរអំពីតួនាទី និងសារសំខាន់របស់យន្តការបរធនបាលកិច្ច ក្នុងការបង្កើត និងបង្កើតទំនុកចិត្ត ក៏ដូចជាទាក់ទាញការវិនិយោគបន្ថែម ជាពិសេសចូលរួមចំណែកជំរុញដំណើរការអភិវឌ្ឍន៍គម្រោងធុរកិច្ចនានាក្នុងខេត្តព្រះសីហនុ ក្នុងកម្រិតពាក់ព័ន្ធណាមួយ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្នុងក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានអ្នកចូលរួមសរុបប្រហែល១០០រូបផងដែរ ដែលជាតំណាងអញ្ជើញមកពីថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ អង្គភាពនានានៃរដ្ឋបាលខេត្តព្រះសីហនុ, សមាជិក-សមាជិកានៃសភាពាណិជ្ជកម្ម, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន, និងសមាគមធុរកិច្ចពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនបរធនបាល និងប្រតិបត្តិករបរធនបាល ដែលទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច៕