(កណ្តាល)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាល និងប្រកាសបើកកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ (ការដ្ឋានទី១ កោះពាមរាំង) ស្រុកលើកដែក ខេត្តកណ្តាល។

ថ្លែងក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ និងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស និងបានផ្តាំផ្ញើត្រូវគោរពម៉ឺងម៉ាត់នូវបទបញ្ជា មានវិន័យ សាមគ្គីភាពល្អ និងខិតខំ យកចិត្ដទុកដាក់បំពេញការងារនេះ ប្រកបដោយឆន្ទៈមោះមុត តាមជំនាញឱ្យបានត្រឹមត្រូវ និងសម្រេចជោគជ័យជូនជាតិមាតុភូមិ។

សូមជម្រាបថា ចំពោះកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេនេះ ក្រុមការងារអន្តរក្រសួង ដែលមានអង្គភាពស៊ីម៉ាក់ និងបញ្ជាការដ្ឋានទ័ពពិសេសជាអ្នកអនុវត្ត មានផែនការបោសសម្អាតផ្ទៃដី ដែលបានកំណត់នូវទំហំប្រមាណជាង ៣០០ហិកតា ហើយក្នុងទំហំប្រមាណជាង ៣០០ហិកតានេះ បានបែងចែកជា៣ ផ្នែកគឺផ្នែកទី១ ជាតំបន់ដីគោក ផ្នែកទី២ ជាតំបន់ដែលមានហានិភ័យទៀប ផ្នែកទី៣ ជាតំបន់ដែលមានហានិភ័យខ្ពស់ ដែលនឹងប្រើរយៈពេល១៨ខែ ក្នុងកិច្ចប្រតិបត្តិការនេះ។

សូមបញ្ជាក់ថា កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅការដ្ឋានកោះពាមរាំងកន្លងមកនេះ ក្រុមការងារអន្ដរក្រសួងមានអង្គភាពស៊ីម៉ាក់ និងមានការចូលរួមកម្លាំងរបស់អង្គភាពទ័ពពិសេស បានចាប់ផ្តើមកិច្ចប្រតិបត្តិការចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយមានតែម៉ាស៊ីនបូមខ្សាច់អ៊ូតូច បានរកឃើញនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមីន សរុបមានទំងន់ ៣៨ ៥៦៧គីឡូក្រាម ក្នុងនោះរួមមាន៖មីនចំនួន ៣៦គ្រាប់ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២,៦៧១គ្រាប់ និងកាំភ្លើងធុនស្រាល ចំនួន០២ដើម បំណែកដែកទំងន់ ៦,៦១៣គីឡូក្រាម៕